បណ្តាញសង្គម

សង្ឃ២អង្គ ក្នុងវត្តពោធិ៍លង្ការ ផឹកស៊ី នាំស្រីចូលកុដ្ឋ ហើយថែម ទាំងវាយនគរបាល ទៀតនោះ មន្ត្រីអាជ្ញាធរ រួមទាំងមន្ត្រីពាក់ព័ន្ធ រុញឲ្យគ្នាទៅវិញទៅមក មិនព្រមដោះស្រាយ

សៀមរាប៖ ទាំងសង្ឃ ទាំងស្រីស្អាត ទាំងក្មេងវត្ត ផឹកស៊ីសុទ្ធតែ អាបេសេ (ABC) ជ្រាបចូលពេញខ្លួនហើយ ចាំអីទៀត នាំគ្នាវាយតដៃ និងសមត្ថកិច្ចនគរបាល ដែលចុះទៅពិនិត្យ និងសួរនាំ ។

នគរបាល ទ្រាំមិនបាន ក៏ការពារខ្លួន ជាលទ្ធផល របួសទាំងនគរបាល របួសទាំងសង្ឃ លើកលែង តែស្រីស្អាត មិនមាន របួសធំដុំ ។ ហេតុការណ៍ លោកសង្ឃ ផឹកស៊ី (ABC Beer) មានស្រីស្អាតកំដរ នៅក្នុងវត្តនេះ គឺបានកើតឡើង នៅវត្ត ពោធិ៍លង្ការ ភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

គឺនៅព្រលប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះ ត្រូវនឹងការ កាន់បិណ្ឌ វេណទី១១ រហូតដល់រាត្រី ទើបមានអ្នក រាយការណ៍ ឲ្យមន្ត្រី នគរបាល មូលដ្ឋាន ចុះពិនិត្យមើល៍ លុះសមត្ថកិច្ច មកដល់ក៏ឃើញ សកម្មភាព លោកសង្ឃ ឆានសុរា ប្រភេទ ប៊ីយ៊ែរ អាបេសេ ពិតមែន និងមានស្រី វ័យក្មេង ស្រស់ស្អាត កំដរទៀតផង ។អ្នកបានឃើញ ហេតុការណ៍ ផ្ទាល់ភ្នែក នូវសកម្មភាព ពេលដែល មន្ត្រីនគរបាល ទៅដល់ ( សុំមិន បញ្ចេញឈ្មោះ ) បានប្រាប់ អ្នកយកព័ត៌មាន មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា ពេលដែល នគរបាល ចូលដល់ កុដ្ឋក្នុងវត្តនោះ ពេលដែល បានឃើញសង្ឃទាំង ២អង្គ និងស្រីស្អាត វ័យក្មេងទាំង ២នាក់ រួមជាមួយក្មេងប្រុស ២នាក់ កំពុងស៊ីផឹក ស្រវឹងយ៉ាង ទន់ទោរ បែបនេះ ក៏បានសួរនាំ ព្រះសង្ឃ និងក្រុមនោះ ។

តែដោយអំណាច អាបេសេ ជ្រាបពេញ ខ្លួនហើយ ក៏បានតមាត់ ឈ្លោះប្រកែក ជាមួយ នគរបាល រហូតដល់មាន ការវាយមកលើ ក្រុមកម្លាំង នគរបាល ទើបកម្លាំង នគរបាល តដៃវិញ រហូតមានរបួស ទាំងសង្ខាង ទើបសមត្ថកិច្ច បាននាំខ្លួន លោកសង្ឃ និងស្រីស្អាត រួមជាមួយ ក្មេងសិស្សលោក ទៅប៉ុស្ដិ៍នគរបាល សង្កាត់ស្លក្រាម ដើម្បីសួរនាំបន្ដ ។

លោក វ៉ាន់ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប បានមានប្រសាសន៍ ឆ្លើយទៅនិងសំនួរ របស់អ្នកយកព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ ថា លោកមិនទាន់បានឃើញ ខាងក្រុង រាយការណ៍ឲ្យលោក ផងរឿងហ្នឹងទេ គឺលោក បានបញ្ជាក់ថា អត់ទាន់រាយការណ៍ ឲ្យលោកថា រឿងនោះយ៉ាងម៉េចអីផង ។

លោកថា លោកគ្រាន់តែ បានទទួលព័ត៌មាន ពីមន្ត្រីសង្ឃខេត្ត គ្រាន់តែប្រាប់គាត់ថា មានករណីឃាត់ ព្រះសង្ឃ ២អង្គ តែប៉ុណ្ណឹង ។ លោកបញ្ជាក់ប្រាប់ថា ករណីហ្នឹងខាង នគរបាល ជាអ្នកដោះស្រាយ ជាមួយ និងមន្ត្រីសង្ឃ ។ បន្ទាប់មក លោក បានផ្ដល់ឲ្យ លេខទូរព័ទ្ទ របស់មន្ត្រីសង្ឃ ដើម្បីឲ្យ អ្នកយកព័ត៌មាន ទាក់ទងសួរ ព័ត៌មានបន្ថែម ពីរឿងរ៉ាវនោះ ។ លោកបន្ថែមថា ព្រោះរឿងនេះ វាស្ថិតនៅក្នុង ក្រុងសៀមរាប ដូច្នេះទាក់ទង និងរឿង ព្រះសង្ឃ គឺព្រោះសង្ឃ ជាអ្នកដោះស្រាយហើយ ។

ចំពោះ ព្រះតេជៈគុណ ឡាច លាង ព្រះអនុគុណ ក្រុងសៀមរាប បានមានសង្ឃដីកា ឆ្លើយប្រាប់ អ្នកយកព័ត៌មាន តាមទូរស័ព្ទ ថា ព្រះតេជគុណ មិនបាននិមន្ដ ទៅដោះស្រាយ ដោយផ្ទាល់នោះទេ ចំពោះរឿងនោះ ។ តែព្រះអង្គបាន ដឹងព័ត៌មាន គឺខាងមន្ត្រី សង្ឃក្រុង លោកទៅដោះស្រាយ ។

ព្រះអង្គបញ្ជាក់ថា ព្រះអង្គដូចជាឮថា មានការតបត វៃតប់គ្នា ជាមួយ នគរបាលទៅ ឮថា រហូតដល់ ឥឡូវនេះ មានការ សឹកបាត់ហើយ គឺខាងមន្ត្រី សង្ឃ លោក ជាអ្នកផ្សឹកហ្នឹងឯង ប៉ុន្តែក៏មានការ ព្រមព្រៀងដែរ ។ ព្រះតេជគុណ មានសង្ឃ ដីកា បញ្ជាក់ថា វាកំពុងតែស្រវឹង ប៉ែឡោ ក៏មានស្រី នៅនោះផង អីណាអីណី គឺស្រវឹង កំពុងតែស្រវឹង ប៉ល់ហ្នឹងឯង គឺទាំងអស់គ្នា ហ្នឹងឯង គឺសង្ឃ ២អង្គ និង ឧបាសក ៤នាក់ (ស្រី ២នាក់) ។

គឺពេលដែល មន្ត្រីសង្ឃ និងមន្ត្រីនគរបាល ទៅដល់នោះ ពួកគេរកដាល់ គ្នាជាមួយ ប៉ូលីស ។ ដ៏ដាល់ទៅ មេប៉ូលីសនោះ ក៏បានទាក់ទង ទៅព្រះតេជគុណដែរ កាលពីយប់មិញហ្នឹង ។ ពេលនោះ ក៏មានការតខ្លះវិញ (វាយតគ្នាវិញ) គឺដាក់ខ្លះវិញ របួស រាងតែខ្លួន ហ្នឹងឯង ។  ហើយឮថា ខាងសង្ឃ មានកាំបិតផង គឺកាប់ប៉ូលីស ត្រូវម្នាក់ ។

ព្រះអង្គបាន បញ្ជាក់ថា ព្រះអង្គ មិនបានឃើញ ហេតុការណ៍ទេ គឺគ្រាន់តែឮ អត់ដឹងច្បាស់ ហ្នឹងណា គឺឮព័ត៌មាន ទាំងយប់ហ្នឹងឯង ។ ដល់ពេលនេះទៅ គឺព្រឹកមិញ អាត្មាបាននិមន្តទៅ ក៏ស្ងាត់អស់ទៅ អត់ឃើញអីទេ ព្រះតេជគុណ បានប្រាប់ថា សង្ឃមួយអង្គ ក្នុងចំណោមនោះ បើតាមរបាយការណ៍ សរសេរត្រួសៗ គឺមានឈ្មោះថា ពេជ្រ ដាវី ដែលបួស យូរគ្រាន់ ហើយដែរ តែគ្រាន់តែពីមុន គឺបួស នៅវត្ត កេសរ៉ារ៉ាម (វត្តធម្មយុត្ត) ក្នុងក្រុងសៀមរាប គឺមានកេរ្តិ៍ឈ្មោះ មិនល្អដែរ គឺគេបាន ដេញចេញពីនោះទៅ ។

ចំពោះព័ត៌មាន លម្អិត បន្ថែមចុងក្រោយ ក្រៅពីនេះ រហូតដល់ពេលនេះ គឺយើងមិនទាន់ បានទទួលនោះទេ ព្រោះព័ត៌មាន ទាំងនេះ ហាក់ស្ថិតនៅ ក្នុងភាព លាក់លៀម នៅឡើយ ។ ដូចជា ថាទាំងសង្ឃ ២អង្គ និងស្រ្ដី វ័យក្មេង ស្រស់ស្អាតទាំង ២នាក់ ព្រមទាំង ក្មេងប្រុស ២នាក់នោះ ជាអ្នកណា មានទីលំនៅឯណា ហើយពួកគេ តែងតែជួបគ្នា ញឹកញាប់ប៉ុណ្ណា ជាដើមនោះ នៅឡើយទេ ។

ទោះជាយ៉ាងណា ទាក់ទង នឹងសង្ឃទាំង ពីរអង្គនេះ ប្រព្រឹត្តិសេបសុរា និងមានស្រីកំដរ នៅក្នុងទីវត្តអារ៉ាម មួយនេះ ធ្វើឲ្យមាន ពុទ្ធបរិស័ទ្ធ មួយចំនួន (សុំមិនបញ្ចេញឈ្មោះ) ដែលចំណុះ ជើងវត្តនេះ បានរអ៊ូ ប្រាប់អ្នកយកព័ត៌មាន បែបហាក់ មានប្រតិកម្ម ថា ការពិត គឺមានសង្ឃអង្គខ្លះ នៅវត្តមួយនេះ ហាក់មិនបានគោរព និងប្រតិបត្តិនូវ ធម៌វិន័យឲ្យ បានខ្ជាប់ខ្ជួននោះទេ គឺប្រើទួរស័ព្ទ ទំនើបៗ កន្លងទៅ ពេលមានក្មេងស្រី ដើរកាត់វត្ត ស្រែកឌឺដង ជាដើម រីឯទីធ្លាវត្ត អារ៉ាមវិញ មិនបាន សម្អាតត្រឹមត្រូវ ។

ពួកគាត់បាន និយាយបន្តថា ទាំងនេះ ទំនងមកពី ព្រះចៅអធិការវត្ត និងគណៈកម្មការវត្ត មិនមានសមត្ថភាព គ្រប់គ្រង ដូចវត្តដ៏ទៃៗផង ក៏មិនដឹង បានជា បណ្ដាលឲ្យព្រះសង្ឃ ស៊ីផឹក ស្រវឹងប៉ែឡោ មានស្រីញី ដល់ថ្នាក់នេះហើយ នៅតែមិនដឹង និងគ្មានវិធានការ អ្វីសោះនោះ រហូតដល់ស្ទើរតែគ្មាន ពុទ្ធបរិស័ទ្ធ ចូលធ្វើបុណ្យ ស្ទើរដាច់ចង្ហាន់ ទៅហើយនោះ ។ ហើយពួកគាត់ បានសំណូមពរដល់ មន្ត្រីសង្ឃជាន់ខ្ពស់ ក៏ដូចជាមន្ត្រី ខាងធម្មការ និងសាសនា មេត្តាពិនិត្យ និងកែសម្រួល ព្រមទាំងពង្រឹង នូវច្បាប់វិន័យ ដល់អ្នកគ្រប់គ្រង និងសង្ឃណា ដែលមិនសូវបានគោរព និងប្រតិបត្តិនូវ ធម៌វិន័យ ផង ដើម្បីចូល រួមចំណែក ក្នុងការលើក កម្ពស់នូវព្រះ ពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋយើងនោះ ៕

ដកស្រង់ពី៖ ដើមអម្ពិល