បណ្តាញសង្គម

មិនគួរឡើយ! ចាញ់ល្បែង​រហូត​វាយ​កូន​ស្រី​ដល់​​សន្លប់ និង​ដុត​ខ្លួនឯង​ក្នុង​ផ្ទះ​​ទៀត

ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បន្តថា បុរសម្នាក់ដែលឈ្លក់វង្វេង នឹងល្បែងស៊ីសងបានចេញកាឡាសាគួរឱ្យភ័យសម្រាប់ក្រុមគ្រួសាររបស់ខ្លួន ។ និយាយឱ្យចំគឺក្រោយពីចាញ់ល្បែងអស់ពីខ្លួន ក៏យកម៉ូតូរបស់កូនទៅបញ្ចាំយកលុយទៅលេងបន្តទៀត ។

លុះពេលចាញ់អស់ ទៅដល់ផ្ទះបានទាមទារយកគ្រឿងអលង្ការទៅលក់បន្ត តែកូនស្រីមិនឲ្យក៏កើតជាហិង្សាវាយកូនរហូតសន្លប់ និងត្រូវបានម្តាយដឹកយកទៅសង្គ្រោះភ្លាមៗ ។

ក្រោយមកត្រូវសមត្ថកិច្ចនាំទៅអប់រំ លុះមកដល់ផ្ទះស្រាប់តែទិញសាំងមកដុតខ្លួនឯង និងផ្ទះតែម្តង បណ្តាលឱ្យបុរសរូបនេះបាត់បង់ជីវិតនៅក្នុងផ្ទះខ្លួនឯង ។សេចក្តីរាយការណ៍បន្តថា ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៣និង៥០នាទីរសៀល នៅភូមិត្រពាំងយោង ឃុំពារាម ស្រុកបាទី ។

នគរបាលស្រុកបាទីបានឱ្យដឹងថា បុរសដែលញៀនល្បែងរូបនេះឈ្មោះ ហេង ហួត អាយុជាង៥០ឆ្នាំ មេជាងសំណង់ ហើយបានចាញ់ល្បែងរហូតដល់ដុតសម្លាប់ខ្លួនឯងនៅក្នុងផ្ទះ ។

នគរបាលស្រុកបាទីបន្តថា មុនពេលកើតហេតុ បុរសរូបនេះបានទៅលេងប៊ូលភ្នាល់ដាក់លុយ នៅក្នុងភូមិត្រពាំងត្រយឹង ។ លុះចាញ់អស់ក៏យកម៉ូតូរបស់កូនស្រីទៅបញ្ចាំ ។

នៅពេលឈប់លេង បុរសខាងលើក៏ទៅផ្ទះវិញ ហើយគំរាមកូនយកខ្សែដៃ ខ្សែ.កទៅលក់ ដើម្បីលោះយកម៉ូតូមកវិញ តែកូនស្រីមិនព្រមឲ្យក៏កើតជាហិង្សាវាយកូនរហូតសន្លប់ និងត្រូវបានបងប្អូនដឹកយកទៅមន្ទីរពេទ្យបង្អែកស្រុកបាទីភ្លាមៗ ដើម្បីសង្គ្រោះ ។

បន្ទាប់មក បុរសខាងលើត្រូវសមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងធ្វើការអប់រំ ហើយឲ្យមកផ្ទះវិញ ។ លុះពេលមកដល់ផ្ទះ ជននេះក៏ទិញសាំងមកដុតខ្លួនឯងនៅលើផ្ទះ ឆេះអស់ទាំងផ្ទះ និងធ្វើឱ្យខ្លួនឯងត្រូវបាត់បង់ជីវិតនៅក្នុងផ្ទះទៀត។ក្រោយពេលកើតហេតុ សពបុរសខាងលើត្រូវភ្លើងឆេះខ្លោចស្ទើរទាំងអស់ ចំណែកផ្ទះដែលធ្វើពីឈើលើ និងបេតុងក្រោម ក៏ត្រូវភ្លើងឆេះអស់ដែរ ដោយសាររថយន្តពន្លត់អគ្គិភ័យពុំអាចទៅជួយពន្លត់ទាន់ឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព