បណ្តាញសង្គម

មួយប៉ប្រិចភ្នែក! កុងតឺន័រពន្លះជាមួយឡាន​ព្រូស ឆក់​យកជីវិត២នាក់ របួសធ្ងន់​២នាក់​

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្ស២នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងម៉ាកព្រូសបុកជាមួយរថយន្តកុងតឺន័រ បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាជនជាតិចិន ចំណែកអ្នករងរបួសធ្ងន់២នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ ក្នុងនោះម្នាក់ជាជនជាតិចិន និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ ។ ជនរងគ្រោះទាំង៤នាក់ជិះក្នុងរថយន្ដមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2 AR-3975 ។

ចំណែករថយន្តកុងតឺន័រ ពណ៌ខៀវឆ្នូតលឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-2928 ជារថយន្តរបស់ក្រុមហ៊ុនតេងឡាយ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ ។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័ររបស់ផែស្ងួតតេងឡាយបើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្ដម៉ាកព្រូសមួយគ្រឿងជិះគ្នា៤នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ក៏រ៉េចង្កូតទៅផ្នែកខាងឆ្វេងបណ្ដាលឲ្យបុករថយន្តកុងតឺន័រចំផ្នែកខាងស្ដាំរបស់រថយន្តកុងតឺន័រ បណ្ដាលឲ្យរថយន្តម៉ាកព្រូសខ្ទាតចេញពីកន្លែងកើតហេតុប្រមាណជិត១០ម៉ែត្រ បណ្ដាលឲ្យប៉ើងជនរងគ្រោះជាជនជាតិចិនម្នាក់បាត់បង់ជីវិតភ្លាមៗ ចំណែកជនជាតិទៀតបាត់បង់ជីវិតកៀបជាប់ក្នុងរថយន្ត រីឯស្ត្រីជនជាតិខ្មែរម្នាក់ និងជនជាតិចិនម្នាក់ទៀតរងរបួសធ្ងន់។

តាមប្រភពព័ត៌មានបានបន្តថា ភ្លាមៗនោះអ្នកបើកបររថយន្តកុងតឺន័របានចុះពីលើរថយន្តហើយរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់២នាក់ត្រូវបានរថយន្តឯកជនដឹកយកទៅសង្គ្រោះនៅឯងមន្ទីរពេទ្យផងដែរ។ ក្រោយពេលកើតហេតុ ជំនាញការិយាល័យរាជធានីភ្នំពេញបានយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ដោយឡែកសពជនជាតិចិន២នាក់ត្រូវបានសមត្ថកិច្ចជំនាញយកទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព