បណ្តាញសង្គម

មុខសញ្ញា​យ៉ាង​សកម្ម​២នាក់​​នៅ​​ក្រុង​តា​ខ្មៅ ត្រូវ​បានបង្ក្រាប​ហើយ​

ខេត្តកណ្តាល ៖ កម្លាំងល្បាតរបស់អធិការនគរបាលក្រុងតាខ្មៅដឹកនាំដោយលោកវរសេនីយ៌ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចុះល្បាតតាមភូមិសាស្ត្រ និងធ្វើការឃាត់ខ្លួនមុខសញ្ញាចោរឆក់យ៉ាងសកម្មប្រចាំក្រុងតាខ្មៅបានចំនួន២នាក់ រួមនិងវត្ថុតាងមួយចំនួនទៀត ។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះបានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិ ព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យ២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ ពេជ្រ សាវ៉េត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២ឈ្មោះ វង្ស ចាន់សុវណ្ណបូរី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិ ព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។លោកវរសេនីយ៌ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា នៅវេលាម៉ោង១និង១០នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ពេលដែលកំលាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅកំពុងតែជិះល្បាតដល់ចំណុចផ្លូវបេតុង ក្នុងភូមិឃុំកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូបង្ហោះ។

ភ្លាមនោះកំលាំងល្បាតបានសហការជាមួយកំលាំងអង្គរក្សដែលប្រចាំនៅគោលដៅបានដេញតាមឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះពេជ្រ សាវ៉េត បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះចំនួន៥នាក់ បានទូរស័ព្ទចំនួន៥គ្រឿងប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅកំពុងបន្តកសាងសំណុំរឿងតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព