បណ្តាញសង្គម

គេ​ចូល​វាយ​ដល់​ក្នុងផ្ទះ​ហើយ ចុង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទៀត

ខេត្តកំពង់ស្ពឺ ៖ បុរសពីរនាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីមានទំនាស់ជាមួយមិត្តភក្កិ លោកអធិការរង ស្រុកសំរោងទងមួយរូប ដែលបុរសទាំងពីរត្រូវបានមិត្តភក្តិរបស់លោកអធិការរងចូលទៅវាយដល់ក្នុងផ្ទះ តែម្ដងសាច់ញាតិបុរសទាំងពីរអះអាងថា វាជារឿងអយុត្តិធម៌បំផុតព្រោះបុរសទាំងពីរត្រូវខ្សែ និងបក្ខពួករបស់លោក អធិការរងចូលមកគេដល់ក្នុងផ្ទះហេតុអីក៏ចាប់តែបុរសទាំងពីរនាក់នេះ ឯបក្ខពួករបស់លោកអធិការរងបែរជា មិនចាប់ខ្លួនទៅវិញ។

សកម្មភាពរបស់សមត្ថកិច្ចដែលអះអាងថា សុទ្ធតែជាបញ្ជារបស់ថ្នាក់លើ ធ្វើឱ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានមានការថ្នាំងថ្នាក់ និងបាននិយាយពីមាត់មួយទៅមាត់មួយថា ធ្វើការលម្អៀងទៅរកបក្ខពួករបស់ខ្លួន ដែលមានខ្សែអាងជាសមត្ថកិច្ចនគរបាលស្រុក ជាពិសេសគឺលោកអធិការរងស្រុកសំរោងទង គោរពតែម្ដង ដែលជាមិត្តភក្កិជិតស្និទ្ធជាមួយនឹងក្រុមជនបង្ក។

ការឃាត់ខ្លួនបុរសទាំងពីរនាក់នេះធ្វើឡើងនាល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បុរសទាំងពីរ ត្រូវបានស្គាល់ទី១ ឈ្មោះ ហ៊លរុំ អាយុ៣៥ឆ្នាំ និងឈ្មោះ ហ៊ល រ៉ូ អាយុ៣១ឆ្នាំ អ្នកទាំង២រស់នៅកន្លែងឃាត់ខ្លួន ខាងលើ។

យោងតាមប្រភពពីសាច់ញាតិបុរសទាំងពីរបានរៀបរាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី០១ សីហា ២០២០ កាលពីវេលាម៉ោង១០យប់ ឈ្មោះ ហ៊ល រ៉ូ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានទាស់សម្ដី ជាមួយឪពុកខ្លួនឈ្មោះ សួង ឆែម ប្រុសអាយុ ៦២ឆ្នាំ ដែលស្នាក់នៅផ្ទះជាមួយគ្នា ពេលនោះឈ្មោះ សួង ឆែម ជាឪពុកបានលើកដៃ រកវាឈ្មោះ ហ៊ល រ៉ូ (កូន) ស្រាប់តែឈ្មោះ ហ៊ល រ៉ូ លើកដៃគ្រវាសត្រូវឪពុករបស់ខ្លួនរកដួល តែត្រូវបានកូនកូនចាប់ជាប់ហើយក៏ស្ងប់ស្ងាត់ទៅ។

មួយសន្ទុះក្រោយមក ស្រាប់តែគេឃើញឈ្មោះ យ័ន្ត ភ័ក្រ ភេទប្រុស អាយុ៤០ឆ្នាំនៅផ្ទះក្បែរគ្នា(ភាគីបង្ក) ជាមួយបក្ខពួក២នាក់ទៀត ក៏បានចូលមកវាយឈ្មោះ ហ៊ល រ៉ូ និងឈ្មោះរិន ជាប្អូនដល់ក្នុងផ្ទះតែម្ដង បណ្ដាលឲ្យមានរបួសជាទម្ងន់។

បក្ខពួករបស់ យ័ន្ត ភក្ត្រ ដែលព្រួតគ្នាចូលមកវាយភាគី ហ៊ល រ៉ូ និង ហ៊ល រិន រហូតដល់ក្នុងផ្ទះនោះត្រូវបានស្គាល់ ទី១-មានឈ្មោះ សេត រុំ អាយុ៣៨ឆ្នាំ រស់នៅភូមិចំការបុស្ស ឃុំរលាំងគ្រើល ស្រុកសំរោងទងខេត្តកំពង់ស្ពឺ និងម្នាក់ទៀតមានឈ្មោះ តាត់ គឹមឈិន ប្រុសអាយុ ៣៥ឆ្នាំ រស់នៅភូមិស្រូល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពបន្តថា ក្រោយពីចូលមកវាយគេដល់ក្នុងផ្ទះហើយនោះទាំងសងខាងមានរបួសដូចគ្នាពេលនោះស្រាប់តែភាគីរបស់ យ័ន្ត ភ័ក្ត្រ និង សេត រុំ ព្រមទាំង តាត់ គឹមឈិន ដែលគេដឹងថាគឺជាមិត្តភក្កិក្លើម្រាក់ជិតស្និទ្ធជាមួយអធិការរង នគរបាលស្រុកសំរោងទងមួយរូបបានខលទូរសព្ទហៅលោកអធិការរងរូបនោះឲ្យមកជួយអន្តរាគមន៍។

ដូចអ្វីដែលមើលឃើញមែន គឺប្រជាពលរដ្ឋនៅភូមិកើតហេតុដែលដឹងរឿង នឹងបានឃើញហេតុការណ៍នោះ បាននិយាយប្រាប់ថា ពេលដែលលោកអធិការរងរូបនោះមកដល់បានដោះអាវហើយស្រែកឡូឡាហៅឈ្មោះ ហ៊ល រ៉ូ និង ហ៊ល រិន ឲ្យចេញមកក្រៅផ្ទះវាយជាមួយខ្លួនទៀតផង អធិការរងនគរបាលស្រុកសំរោងទងរូបនោះ ត្រូវបានស្គាល់ថាមានឈ្មោះ ប៉ែន ចំរើន ជាអធិការរងទទួលបន្ទុកព្រហ្មទណ្ឌទៀតផង។

អ្នកដែលឃើញហេតុការណ៍នោះ បាននិយាយលាន់មាត់ថា ខ្លួនគឺជាសមត្ថកិច្ចដែលមានតួនាទីបុណ្យស័ក្ក និងទទួលផ្នែកព្រហ្មទណ្ឌមិនគួរណាបញ្ចេញចរិតកាន់ជើងមិត្តភក្កិខ្លួនដែលចូលទៅវាយគេដល់ក្នុងផ្ទះបែបនេះនោះទេ។

បើទោះជាមានការអន្ទងមកវាយគ្នាពីសំណាក់លោកអធិការរងទទួល បន្ទុកព្រហ្មទណ្ឌ ប៉ែន ចំរើន រូបនេះក្តីក៏ភាគីរងគ្រោះ (ហ៊ល រ៉ូ និង ហ៊ល រិន) មិនបានចេញមកតាមការអន្ទងរបស់លោកអធិការរ ងដ៏មហិមារូបនេះដែរ។

តាមប្រភពបានបន្តទៀតថាលុះព្រឹកឡើងថ្ងៃទី២ សីហា ភាគីរងគ្រោះរវល់តែទៅពេទ្យ មិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ ស្រាប់តែភាគី យ័ន្ត ភ័ក្ត្រ, សេត រុំ និង តាត់ គឹមឈិន ដែលជាភាគីបង្ក ចូលមកវាយគេដល់ក្នុងផ្ទះបែរជាបានទៅដាក់ពាក្យបណ្ដឹងដោយអាងអំណាចមិត្តភក្តិខ្លួនជាអធិការរងនគរបាលស្រុកសំរោងទងតែម្ដងទើបគេហ៊ានប្ដឹងបែបនេះ។

បើតាមប្រភពពីមន្ត្រីនគរបាលស្រុកបានឲ្យដឹងថា ករណីនេះបើទោះជា យ័ន្ត ភ័ក្ត្រ, សេត រុំ និង តាត់ គឹមឈិន ចូលទៅវាយគេដល់ក្នុងផ្ទះបែបនេះក្តី សមត្ថកិច្ចបានត្រឹមធ្វើរបាយការណ៍ និងរាយការណ៍ទៅថ្នាក់លើថា ជារឿងវាយគ្នាទៅវិញទៅមក តែនេះដោយសម្អាងថា ភាគីបង្កគឺជាមិត្តភក្កិជិតស្និទ្ធជាមួយលោកអធិការរង នគរបាលស្រុកព្រហ្មទណ្ឌ បែបនេះគេក៏ចេះតែរុញបន្ដឹងទៅលើរហូតដល់មានស្នងការរងមួយរូបក៏ចេញមុខជួយអន្តរាគមន៍ភាគីបង្កទៀតផង។

នៅពេលដែលភាគីបង្កមានខ្នងបង្អែកជាអធិការរង និងស្នងការរងបែបនេះហើយទើបភាគីរងគ្រោះត្រូវបានឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើចាត់ការតាមនីតិវិធីច្បាប់ដោយថ្នាក់ក្រោមមិនហ៊ានប្រកែកតវ៉ាជាមួយនឹងបញ្ជាបស់ថ្នាក់លើបានឡើយ។

ករណីនេះសាច់ញាតិក៏ដូចជាឪពុកម្ដាយបងប្អូនភាគីរងគ្រោះបានស្រែករកយុត្តិធម៌ថា កូនខ្លួនពិតជារងនូវការវាយពីសំណាក់ក្រុមជនបង្កដែលគេដឹងថាសុទ្ធតែជាមិត្តភក្កិរបស់លោក ប៉ែន ចំរើន អធិការងនគរបាលស្រុកសំរោងទង បើឃាត់ខ្លួនចាត់ការតាមនីតិវិធីច្បាប់គួរណាស់តែឃាត់ភាគីទាំងសងខាង មិនមែនឃាត់តែម្ខាងរងគ្រោះទុកម្ខាងដែលជាអ្នកបង្កឲ្យនៅមានសេរីភាពនោះទេ។

បើទោះជាមានការអះអាង និងបញ្ជាក់ប្រាប់បែបនេះក្តីអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ប៉ែន ចំរើន អធិការរងនគរបាលស្រុកសំរោងទងបានទេ។ ហេតុការណ៍ដែលកើតឡើងនេះគឺជារឿងមួយ ដែលមិននឹកស្មានថា ភាគីរងគ្រោះបែរជាត្រូវសមត្ថកិច្ចហៅយកទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការទៅវិញ ចំណែកភាគីបង្កដែលមានខ្នងបង្អែកបែរជាមានសំណាងរស់នៅក្រៅឃុំយ៉ាងរំភើយ។

សូមបញ្ជាក់ថា អធិការដ្ឋាននគរបាលស្រុកសំរោងទង មានអធិការងទទួលបន្ទុកព្រហ្មទណ្ឌដល់ទៅ៣នាក់ឯណោះ ក្នុងនោះមានលោក ប៉ែន ចំរើន ម្នាក់ផងដែរ ចំណែក ២នាក់ទៀតខិតខំបំពេញតួនាទីភារកិច្ចមិនឱ្យ ថ្លោះធ្លោយឡើយ។

ដោយឡែកបើតាមប្រភពបានបង្ហើបថាលោក ប៉ែន ចំរើន គឺជាមនុស្សដែលនិយាយ អួតក្អេងក្អាងតែមិនបានសាច់ការនោះឡើយព្រោះតែហេតុដូច្នេះហើយទើបលោក ប៉ែន ចំរើន មិនសូវជាទីពេញចិត្តរបស់មន្ត្រីជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានតែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព