បណ្តាញសង្គម

គ្រឿងញៀន​ចម្រុះ​ជាង​36​គីឡូ​ក្រាម​ត្រូវ​​ដុត​បំផ្លាញ​នៅ​ក្រុង​ស្វាយ​​រៀង

ខេត្តស្វាយរៀង៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថុនា និងដុតបំផ្លាញគ្រឿងញៀនជាង៣៦គីឡូក្រាម សារធាតុគីមី ២.២៦៨,៨៩ក្រាម និងកញ្ឆា៨,៩៦ក្រាម ព្រមទាំងវត្ថុតាងជាច្រើនទៀត ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការគ្រប់គ្រងគ្រឿងញៀនខេត្ត មានប្រសាសន៍ថា គ្រឿងញៀននិងវត្ថុតាងដែលត្រូវដុតបំផ្លាញចោលនេះគឺសមត្ថកិច្ចបានបង្ក្រាប និងរឹបអូសពីក្រុមឧក្រិដ្ឋជនចែកចាយនិងជួញដូរគ្រឿងញៀនចំនួន៤ខេត្តរួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម សរុបចំនួន៥២២សំណុំរឿង ។

ពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថុនានេះ ធ្វើឡើងក្រោមប្រធានបទ «ការយល់ដឹងច្បាស់លាស់ នាំឲ្យការថែទាំមានប្រសិទ្ធភាព» ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោកអភិបាលរងខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង នាយឧត្ដមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនគ្រឿងញៀន ឧត្តមសេ នីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា គ្រឿងញៀន និងវិបត្តិកូវីដ-១៩គឺជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា ដែលត្រូវតែមានយុទ្ធនាការដោះស្រាយ ។ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន៥លើកនៅទូទាំប្រទេស យើងបង្ក្រាបបានជាង៣ម៉ឺនករណី ឃាត់ខ្លួនជនសង្ស័យជាង៦ម៉ឺននាក់ ដកហូតគ្រឿងញៀនបានជាង២.៣០០គីឡូក្រាម ។ឯកឧត្តមរដ្ឋមន្ត្រីថ្លែងទៀតថា ការហូរចូលគ្រឿងញៀនពីប្រទេសជិតខាងមកម្ពុជា មិនមែនគ្រាន់តែការឆ្លងកាត់ទេ គឺក្លាយជាកន្លែងផលិតគ្រឿងញៀន និងទៅជាទីផ្សារចែកចាយជួញដូរឆ្លងដែនផងដែរ ។ឯកឧត្តម កើត រិទ្ធ ក៏បានលើកឡើងករណី នារីខ្មែរម្នាក់ អាយុ២៧ឆ្នាំ មានកូនតូចម្នាក់ទៅជាមួយ ដែលត្រូវសមត្ថកិច្ចវៀតណាមឆែកវ៉ាលីសនៅទីក្រុងហូជីមិញ រកឃើញគ្រឿងញៀនចំនួន៤គីឡូក្រាមនិង៩ខាំ ត្រូវតុលាការវៀតណាមឃុំខ្លួននៅពន្ធនាគារ ។ វ៉ាលីសនោះគឺមានគេផ្ញើអីវ៉ាន់ទៅទីក្រុងហាណូយ ប្រទេសវៀតណាម ហើយតុលាការវៀតណាមបានកាត់ទោសប្រហារជីវិត ។

ក្រសួងយុត្តិធម៌បាននិងកំពុងខិតខំពិនិត្យ និងការពារតាមផ្លូវច្បាប់ដល់ជនសង្ស័យ ហើយទាក់ទងក្រសួងការបរទេសដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងទ្វេភាគី ធ្វើយ៉ាងណាឲ្យផុតពីទោសប្រហារជីវិត ។

ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ មានប្រសាសន៍ថា ផលប៉ះពាល់ពីគ្រឿងញៀនមាន៣ប្រភេទ ៖១-បំផ្លាញខ្លួនឯងផ្ទាល់ ប៉ះពាល់សុខភាពរាងកាយ ស្មារតី និងការងារបុគ្គលតែម្តង ២-ប៉ះពាល់គ្រួសារនិងសហគមន៍ បើមានសមាជិកគ្រួសារណាម្នាក់ញៀនថ្នាំគឺបំផ្លាញទ្រព្យសម្បត្តិគ្រួសារ មានអំពើហិង្សា និងមានឧក្រិដ្ឋកម្មក្នុងសហគមន៍ ចោរលួចចោរប្លន់ ។ល។

គឺគ្មានសេចក្តីសុខក្នុងសង្គមទេ និង៣-ប៉ះពាល់សង្គមជាតិ ជាពិសេសសេដ្ឋកិច្ចជាតិ វិស័យទេសចរណ៍ ធ្វើឲ្យភ្ញៀវបរទេសគេមិនហ៊ានមកលេងប្រទេសរបស់យើង ។ដូច្នេះយើងត្រូវមានវិធានការ៣យ៉ាង ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ៖ទី១-ខ្លួនឯង ពីបុគ្គលម្នាក់ៗ ត្រូវនិយាយថាទេចំពោះគ្រឿងញៀន ពេលនោះអ្នកផលិត គ្រឿងញៀនគ្មានទីផ្សារគ្រឿងញៀនទី២-គ្រួសារនិងសហគមន៍ ពេលដឹងថាសមាជិកគ្រួសាណាម្នាក់ប្រើប្រាស់គ្រឿងញៀន កុំលាក់ ។

បើស្រឡាញ់កូនត្រូវរាយការណ៍ប្រាប់សមត្ថកិច្ចជួយទៅរកសេវាព្យាបាលបន្សាបគ្រឿងញៀន និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច បង្ហាញមុខឧក្រិដ្ឋជនចែកចាយជួញដូរគ្រឿងញៀន ដើម្បីសមត្ថកិច្ចចុះបង្ក្រាប នេះគឺជួយគ្រួសារ សហគមន៍និងសង្គមជាតិ ។

ទី៣-សង្គមជាតិ យើងត្រូវនិយាយថាទេគ្រឿងញៀន គ្មានអំពើពុករលួយ រួមគ្នាបង្ក្រាបក្រុមឧក្រិដ្ឋជនចែកចាយជួញដូរគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ។បន្ទាប់មក គឺពិធីបង្ហោះប៉េងប៉ោង និងដុតបំផ្លាញគ្រឿងញៀនចោល ៕

ដកស្រង់ពី៖កោះសន្តិភាព