បណ្តាញសង្គម

​ស្តាយប្លន់លុយដ៏ចម្លែករបស់បុរសចិន​រូប​នេះ​ ​លើដី​ព្រះសីហនុ​

ក្រុងព្រះសីហនុ ៖ ករណីប្លន់មួយបានកើតឡើង និងបង្កការភ្ញាក់ផ្អើលដោយបុរសជាជនជាតិចិនម្នាក់ បានយកកូនកាំបិតគំរាមភ្ជង់ទៅលើស្ត្រីជនជាតិចិនម្នាក់ ក្នុងគោលបំណងឱ្យជនរងគ្រោះបញ្ចូលប្រាក់តាមទូរស័ព្ទដៃរបស់ខ្លួនចំនួន១០,០០០យ័ន (មួយម៉ឺនយ័នលុយចិន) ។ បន្ទាប់មក ជនសង្ស័យក៏បានដកទូរស័ព្ទដៃជនរងគ្រោះយកហើយបានរត់គេចខ្លួនបាត់ទៅ ។

ក្រោយមក ជនសង្ស័យក៏បានបាញ់លុយចេញពីទូរស័ព្ទជនរងគ្រោះចូលទៅទូរសព្ទមិត្តភក្តិរបស់ខ្លួនឈ្មោះយៀង ពីង ភេទប្រុស ចំនួន១៨,០០០យ័នទៀត (លុយចិន) ។ ក្រោយមកទៀត ជនរងគ្រោះបានប្រឡុកលេខកូដបាញ់លុយលែងបាន ជនសង្ស័យក៏បានយកទូរស័ព្ទរបស់ជនរងគ្រោះបោះចោលក្នុងធុងសំរាមបាតទៅ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២ និង 00 នាទីថ្ងៃត្រង់ នៅចំណុចក្នុងសណ្ឋាគារស៊ីទូហាយកាង បន្ទប់លេខ ៨២២៣ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះXIE MOHAI ភេទប្រុសអាយុ ៣៥ឆ្នាំ ជាជនជាតិចិនកាន់លិខិតឆ្លងដែនលេខ ED 8020402 មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

ហើយនៅព្រលប់ថ្ងៃទី៣ សីហាឆ្នាំ២០២០ ស្ត្រីជាជនជាតិចិនដែលជាជនរងគ្រោះអាយុ៣០ ឆ្នាំមុខរបរអ្នកបម្រើសេវាម៉ាស្សា ស្នាក់នៅបន្ទប់ជួលសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ក៏បានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។

លុះមកដល់វេលាម៉ោងជាង០៩យប់ថ្ងៃទី៣ ខែសីហាឆ្នាំ២០២០ ពេលជនសង្ស័យឈ្មោះ XIE MOHAI កំពុងដេកនៅក្នុងផ្ទះសំណាក់យៀក ឡាយ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានបញ្ជូនខ្លួនយកទៅកាន់តុលាការខេត្តព្រះសីហនុហើយដើម្បីដោះស្រាយបន្តតាមនិតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព