បណ្តាញសង្គម

ខូចមែន ! ភ្ញៀវម្នាក់​ដែល​ចូល​ហាង​ផឹក​ស៊ី​​នេះ​

ខេត្តកណ្តាល ៖ បុរសម្នាក់ជាបុគ្គលិកកាស៊ីណូ ត្រូវបានសមត្ថកិច្ចស្រុកកោះធំចាប់វាយខ្នោះ បន្ទាប់ពីផឹកស្រាស្រវឹងជោកជាំរករឿងវាយមេការ និងបោកបំផ្លាញសម្ភារក្នុងហាងអស់ជាច្រើន។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៤ សីហា ឆ្នាំ២០២០ វេលាម៉ោង១៨ និង២០នាទី នៅចំណុចហាងលក់ដូរយីហោ «ពិទ័រ គន្ធា»ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ជនរងគ្រោះឈ្មោះ ទុយ ហុង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមេការផ្ទះសំណាក់ពិទ័រគន្ធា មានទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ អៀង សុគន្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។

នគរបាលស្រុកកោះធំបានប្រាប់អោយដឹងថា កន្លងមក ជនសង្ស័យ អៀង សុគន្ធ ធ្លាប់ចូលផឹកស៊ីនៅហាងយីហោពិទ័រគន្ធាជាញឹកញាប់មកហើយ ពុំដែលមានបង្កបញ្ហាអ្វីទេ។ លុះនៅថ្ងៃទី០៣ សីហា ឆ្នាំ២០២០ វេលាម៉ោងប្រមាណជា១៩ និង ០០នាទី ឈ្មោះ អៀង សុគន្ធ និងមិត្តភក្ដិបួនទៅប្រាំនាក់ បានចូលទៅផឹកស៊ីនៅក្នុងហាងខាងលេី ក្រោយមកក៏បានទាក់ពាក្យសម្ដីគ្នាជាមួយនារីរត់តុ ហេីយជនសង្ស័យបានបោកកែវ បោកចាន ខូចខាតអស់ជាច្រេីន តែម្ចាស់ហាងពុំរករឿងទេ គ្រាន់តែបានទទួលសំណងការខូចខាតបានមួយចំនួន នៅខ្វះមួយចំនួនទៀតចាំគិតពេលក្រោយ។

លុះនៅពេលកេីតហេតុខាងលេី ជនសង្ស័យ និងមិត្តភក្ដិម្នាក់ទៀត បានចូលទៅហាងផឹកស៊ីខាងលេីនោះទៀត ដោយស្ថិតក្នុងសភាពស្រវឹងទៅហេីយ ពេលចូលទៅដល់ក៏មានទំនាស់ជាមួយមេការនៅទីនោះ រួចបានបោកកៅអីជ័រក្នុងហាង និងវាយទៅលេីជនរងគ្រោះមួយដៃចំមុខថែមទៀតផង។ ក្រោយមកជនរងគ្រោះ ក៏បានរាយការណ៍តាមទូរស័ព្ទមកនគរបាលប៉ុស្ដិ៍សំពៅពូន។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលប៉ុស្ដិ៍បានចុះនាំខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង។ នៅចំពោះមុខនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានផឹកស៊ីស្រវឹងវាយបំផ្លាញសម្ភារៈប្រើប្រាស់នៅក្នុងហាងយីហោពិទ័រគន្ធា និងវាយទៅលើឈ្មោះ ទុយ ហុង ប្រាកដមែន។

ដកស្រង់ពី៖កោះសន្តិភាព