បណ្តាញសង្គម

ម្ចាស់​ដេក​លក់​ចោរ​បំពុល​ឆ្កែ​ងាប់​២​ក្បាល លួច​យក​អស់​ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​ដៃ​១​គ្រឿង

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីចន្លោះម៉ោងប្រមាណ២ទៅ៣រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ មានករណីចោរបំពុលឆ្កែងាប់២ក្បាល លួចយកអស់ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង បានកើតឡើងនៅភូមិក្បាលខ្លា ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ជនរងគ្រោះ មានឈ្មោះ ចិន សៃ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។ សេចក្តីរាយការណ៍បន្តថា នៅវេលាម៉ោងខាងលើ ជនរងគ្រោះ និងក្រុមគ្រួសារបានចាក់សោម៉ូតូ ហើយនាំគ្នាឡើងដេកលើផ្ទះដែលពេលនោះក៏មានភ្លេចយកទូរស័ព្ទដៃ១គ្រឿងទៅជាមួយដែរ។

ខណៈក្រុមគ្រួសារកំពុងដេកលង់លក់ក៏មានចោរមួយក្រុមបានធ្វើសកម្មភាព ដាក់ថ្នាំបំពុលឆ្កែងាប់២ក្បាល រួចលួចយកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងផលិតឆ្នាំ២០១៧ និងទូរស័ព្ទ១ គ្រឿងយកទៅបាត់។

ករណីខាងលើនេះម្ចាស់ផ្ទះទើបដឹង និងមានការភ្ញាក់ផ្អើលនៅពេលព្រឹកនោះទេ ដោយសារបានឃើញឆ្កែងាប់២ក្បាល និងបាត់ម៉ូតូពីក្រោមផ្ទះ១គ្រឿងទើបឆោឡោ។ ទោះជាយ៉ាងណាក្តី សមត្ថកិច្ចបាន និងកំពុងដុតដៃដុតជើងបើកការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកមុខសញ្ញាក្រុមចោរ ដាក់ថ្នាំបំពុលឆ្កែ លួចយកម៉ូតូរបស់ប្រជាពលរដ្ឋនោះឲ្យខាងតែបាន៕

ដកស្រង់ពី៖កោះសន្តិភាព