បណ្តាញសង្គម

ផ្ទុះ​ភ្លើង​ប្រចណ្ឌ​វាយ​ប្រពន្ធ​មួយ​គល់​ឫស្សី​ចំ​កញ្ចឹងក បណ្ដាល​ឲ្យ​ស្លាប់

ខេត្តស្វាយរៀង ៖ បុរសម្នាក់ស្រវឹងស្រាកើតភ្លើងប្រចណ្ឌទាញគល់ឫស្សីវាយប្រពន្ធ មួយគល់ឫស្សី ចំកញ្ចឹងកបណ្តាលឲ្យបាក់ក ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទី យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ មូលហេតុ ជនសង្ស័យជាប្ដីផឹកស្រាស្រវឹង កើតរឿងប្រចណ្ឌប្រពន្ធនឹងអ្នកផ្សេងថា ប្រពន្ធមានសាហាយស្មន់។

ក្រោយពីទាស់សម្ដីគ្នាមួយប្រាវ ជនសង្ស័យជាប្តីបានទាញដំបងគល់ឫស្សី ប៉ុនកំភួនដៃវាយទៅលើប្រពន្ធចំកញ្ចឹងកទំហឹងបណ្ដាលឱ្យស្ត្រីរងគ្រោះបាក់ កដេកដួលសន្លប់នៅ នឹងកន្លែង។ ចំណែកជនសង្ស័យធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់តែម្តង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសាច់ញាតិមកចោមរោមមើល និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក៏ប៉ុន្តែស្ត្រី រងគ្រោះបានស្លាប់នៅពាក់កណ្តាលផ្លូវទៅហើយ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះ ម៉ៅ ណេន អាយុ៣១ឆ្នាំ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។ចំណែកជនសង្ស័យជាប្ដីមានឈ្មោះ ប៉ា រ៉េត អាយុ៣៨ឆ្នាំ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួន បាត់ស្រមោល។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញជនសង្ស័យជាប្ដី បានផឹកស្រាស្រវឹងហើយក៏រករឿងប្រពន្ធព្រោះតែប្រចណ្ឌនឹងអ្នកផ្សេង ទើបមានជម្លោះពាក្យសម្តី យ៉ាងខ្លាំង។ ក្រោយមកជនសង្ស័យបានទាញយកដំបងឫស្សីប្រវែងកន្លះម៉ែត្រ វាយទៅលើប្រពន្ធចំកញ្ចឹងករួចក៏រត់គេចខ្លួនបាត់ភ្លាមៗ។

ក្រោយមកស្ត្រីរងគ្រោះត្រូវបានបងប្អូន ក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយសារអាការធ្ងន់ធ្ងរបានស្លាប់ នៅពាក់កណ្ដាលផ្លូវតែម្ដង។ បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន ជនសង្ស័យ យកមកផ្តន្ទាទោសឲ្យខាងតែបាន៕

ដកស្រង់ពី៖កោះសន្តិភាព