បណ្តាញសង្គម

នៅក្នុងបន្ទប់ជួលតែមួយ! ប្រើល្បិចធ្វើស៊ីយកខ្ទេចយកខ្ទី​

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរ បាលក្រុងសៀមរាបបានឱ្យដឹងកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០នេះថា ជនសង្ស័យម្នាក់បានលួចម៉ូតូនិងលុយរបស់មិត្តភក្តិពីខេត្តសៀមរាប រួចជិះទៅសម្ងំលាក់ខ្លួននៅខេត្តកំពង់ធំ ត្រូវបានកម្លាំងនគរបាលទាំង២ខេត្ត សហការគ្នាស្រាវជ្រាវមុខសញ្ញា រួចឈានដល់ធ្វើការឃាត់ខ្លួន ហើយប្រគល់មកឱ្យកម្លាំងនគរបាលជំនាញ ក្រុងសៀមរាបវិញ ដើម្បីធ្វើការសួរនាំ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខបន្ទប់ជួល ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី១០ សីហា ឆ្នាំ២០២០ នៅចំណុចភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

បើតាមលោកឧត្តមសេនីយ៍ត្រី ភឹងចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាបបានឱ្យដឹងថា ជនសង្ស័យឈ្មោះធឿន ម៉ៅ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំ នៅ ភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ។

ចំណែកសម្ភារៈដែលបាត់បង់រួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប 1AE- 0175 និងលុយចំនួន២០ម៉ឺនរៀល ជារបស់ជនរងគ្រោះឈ្មោះ លី សុវណ្ណដារ៉ា ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរសិស្ស ។លោកស្នងការរងខេត្តបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះត្រូវជាមិត្តភក្តិនឹងគ្នា ហើយបានស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នា លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង និងលុយចំនួន ២០ម៉ឺនរៀលរបស់ជនរងគ្រោះ នៅពេលជនរងគ្រោះកំពុងដេកលក់មិនដឹងខ្លួន ដោយបានលួចយកសោរម៉ូតូ ដែលជនរងគ្រោះទុកលើធ្នើរក្បាលគ្រែ ហើយនឹងលុយចំនួន២០ម៉ឺនរៀលដែលជនរងគ្រោះទុកក្នុងហោប៉ៅខោរព្យួរនឹងជញ្ជាំង រួចគេចខ្លួនបាត់ ។

បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។ តាមប្រភពដដែលបានបន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញរបស់ក្រុងបានឱ្យកម្លាំងជំនាញចុះស្រាវជ្រាវ និងស៊ើបអង្កេតករណីខាងលើនោះភ្លាមៗ និងទំនាក់ទំនងសុំកិច្ចសហការគ្រប់អង្គភាពពាក់ពន្ធ័ក្នុងខេត្តផ្ទាល់និងតាមបណ្តាខេត្តជាប់ព្រំប្រទល់។

តាមប្រភពដដែលបានបន្តទៀតថា លុះដល់វេលាម៉ោងប្រហែល៩ព្រឹកថ្ងៃទី១០ សីហា ត្រូវបានកម្លាំងនគរបាលអធិការក្រុងស្ទឹងសែនចុះធ្វើការឃាត់ខ្លួនបានរួមទាំងម៉ូតូប្រគល់មកឱ្យកម្លាំងអធិការក្រុងសៀមរាបយកទៅធ្វើការសួរនាំតែម្តង ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូនិងប្រាក់របស់ជនរងគ្រោះខាងលើពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងនគរបាលក្រុងសៀមរាបកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែកម៉ូតូប្រគល់ឱ្យម្ចាស់វិញ៕

ដកស្រង់ពី៖កោះសន្តិភាព