បណ្តាញសង្គម

សាលក្រម​ផ្តន្ទាទោស​ឃាតក​ចាក់​សម្លាប់​សន្តិសុខ​CSC ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ

រាជធានីភ្នំពេញ ៖ ទីបំផុតសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាឃាតកចាក់សម្លាប់សន្តិសុខCSCដូចគ្នា ខឹងរឿងដៀលថាជក់គ្រឿងញៀនដាក់ពន្ធនាគារកំណត់ ៣០ឆ្នាំ និងតម្រូវឲ្យសងជំងឺចិត្តដល់ជនរងគ្រោះផងដែរ។ សាលក្រមនេះបើ សិនភាគីណាមួយ កើតទុកមិនសុខចិត្ត មានសិទ្ធិប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងឃាតកម្មមួយមកបើកសវនាការជំ នុំជម្រះក្តី ប៉ុន្តែនៅពេលសាកសួរដេញដោលចប់ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានលើកពេល ប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទមកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។ជនជាឃាតកមានឈ្មោះ ឈី ប៊ុនណៃ ហៅស្កាយ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរសន្ដិសុខ CSC (ជាជនប្រើប្រាស់គ្រឿង ញៀន)។

ចំណែកជនរងគ្រោះ ក្នុងអំពើឃាតកម្មនោះឈ្មោះ ប៊ុន សុខចំរើន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុមទី៦ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសន្ដិសុខ CSC ដូចគ្នា (ស្លាប់)។

នៅក្នុងរង្វង់ក្រចកសេះពោលគឺ ចំពោះមុខអង្គសវនាការជនជាប់បានសារភាពទទួលស្គាល់កំហុស ដែលខ្លួនបាន ប្រព្រឹត្ត តែក៏បានសំណូមពរសុំឲ្យតុលាការមេត្តាបន្ធូបន្ថយទោសដោយខ្លួនមានជំងឺប្រចាំកាយ ពាក់ព័ន្ធសរសៃប្រសាទ បណ្តាលឲ្យមានចិត្តឆេវឆាវខឹងជនរងគ្រោះដៀលថា (ជាមនុស្សជក់គ្រឿងញៀន) ទើបបានជាគេប្រើកាំបិទចាក់រហូតដល់ស្លាប់។

អង្គហេតុសំណុំរឿងនេះ ជនជាឃាតកវ័យក្មេងបានចាក់សម្លាប់ សន្តិសុខយាមធនាគារPPC ក្នុងថ្លុងឈាម រួចរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ តាមចាប់ខ្លួនបានមកវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

ពេលចាប់ខ្លួន ចម្លើយបឋមជនសង្ស័យបានសារភាពថា «មូលហេតុធ្វើឲ្យគេលើកកាំបិតចាក់សម្លាប់ជនរងគ្រោះបណ្តាលមកពី គេខឹងជនរងគ្រោះជេរដៀលរាល់ថ្ងៃថា ជាមនុស្សជក់គ្រឿងញៀន»។

ករណីខាងលើនេះកម្លាំងអធិការដ្ឋាន នគរបាល ខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហជាមួយនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តកំពង់ធំ បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធអំពើឃាតកម្ម នៅភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជនសង្ស័យជាឃាតករត់ទៅលាក់ខ្លួននៅទីនោះ។ តាមដំណើររឿងក្នុងការបំភ្លឺពីឈ្មោះ ស៊ិន ធា ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាអ៊ុំប្រុសជនរងគ្រោះ ដែលធ្វើការជាមួយគ្នាប្រាប់សមត្ថកិច្ចថា មុនកើតហេតុវេលាម៉ោង៥ និង៤០ នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះ(ក្មួយប្រុសគាត់) បានជិះម៉ូតូ១គ្រឿង ម៉ាកស្មាស ពណ៌ខ្មៅ មិនចាំស្លាកលេខ ចេញពីផ្ទះទៅធ្វើការជាមួយគាត់ យាមនៅធនាគារភ្នំពេញពាណិជ្ជ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។

ពេលមកដល់កន្លែងធ្វើការគាត់ និងជនរងគ្រោះបានរៀបចំបោសសម្អាតនៅមុខធនាគារ បន្ទាប់មកជនរងគ្រោះបានដើរចូលទៅក្នុងធនាគារដើម្បីងូតទឹករួចក៏បានចេញមកវិញ។

ក្រោយពេលក្មួយប្រុស ងូតទឹកហើយគាត់បានចូលទៅងូតម្ដង បានប្រហែលមួយសន្ទុះគាត់ក៏បានចេញមកវិញ ស្រាប់តែឃើញក្មួយប្រុស ដេកផ្កាប់មុខ និងមានឈាមហូរជាច្រើន គាត់ក៏ចាប់ទាញជនរងគ្រោះផ្ងារមើល ស្រាប់តែឃើញមានស្នាមរបួសចាក់ នឹងកាំបិតដែលក្មួយគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់មកទើបឃើញមានសមត្ថកិច្ចចម្រុះ ចុះទៅត្រួតពិនិត្យ និងបានបញ្ចូនជនរងគ្រោះ(សព)ទៅតម្កល់វត្តស្ទឹងមានជ័យ។

ពេលធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានពិនិត្យលើសាកសពមានឃើញស្នាមរបួសត្រូវកាំបិតចាក់ចំនួន៥កន្លែង ហើយសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។

បន្ទាប់មកទៀតសមត្ថកិច្ចបានធ្វើការពិនិត្យមើលកាំមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យឈ្មោះ ឈី ប៊ុនណៃ បានជិះកង់មួយគ្រឿង ពណ៌ក្រហម មករកជនរងគ្រោះរួចបានធ្វើសកម្មភាពដកកាំបិតចិតបន្លែចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យស្លាប់តែម្ដង សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ នឹងឈានដល់ការឃាត់បានជនសង្ស័យនៅភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងនាំមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព