បណ្តាញសង្គម

ឃាតករ​សារភាព​ថា លួងលោម​សុំ​នាង​មិន​បាន ក៏​ច្របាច់​.​ក រួច​ចាប់​ជ្រមុជ​ទឹក

ខេត្តព្រៃវែង ៖ ពិតជាដូចពាក្យចាស់បុរាណដែលបានលើកឡើងថា ឈាមស្រែក ស្បែកហៅប្រាកដមែន គឺនៅទីបំផុតជនដែលជាឃាតករសម្លាប់ស្ត្រីម្នាក់នៅចំណុចទឹកប្រឡាយ ក្នុងស្រុកបាភ្នំ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី22 ខែសីហា កន្លងទៅនេះ នៅឯរាជធានីភ្នំពេញ ថែមទាំងឃាតករសារភាពថា បានលួងលោមសុំនារីមេត្រី តែនាងមិនព្រម ទើបប្រវាយប្រតប់គ្នា រហូតធ្វើឱ្យនាងធ្លាក់ចូលទៅក្នុងទឹកប្រឡាយ ដោយមិនអស់ចិត្តក៏ចុះច្របាច់.កនាង រួចចាប់ជ្រមុជទឹកទៀត ។

ជនសង្ស័យខាងលើដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ អ៊ីម រត្ន័ (ហៅឆ្អឹង) ភេទប្រុស អាយុ 20ឆ្នាំ មានទីលំនៅក្នុងភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ចំណែកនារីរងគ្រោះអាយុ២៦ឆ្នាំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

បើតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ដោយមានកិច្ចសហការគ្នារវាងកម្លាំងអធិការនគរបាលស្រុកបាភ្នំ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ទើបឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចបេនឡាន ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង8យប់ ថ្ងៃទី 22 សីហា។

សមត្ថកិច្ចដដែលបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុ ថ្ងៃទី19 សីហា វេលាម៉ោង7និង30នាទីយប់ ជនសង្ស័យរួមនឹងបក្ខពួក2នាក់ទៀតបានជិះម៉ូតូមួយគ្រឿងនាំនារីរងគ្រោះចេញពីចំណុចផ្លូវលំក្នុងភូមិយកទៅបាត់មិនដឹងនាំទៅកាន់ទីណា។ ភ្លាមៗនោះក្រុមគ្រួសារនារីរងគ្រោះខំព្យាយាមតាមរកដែរ តែរកមិនឃើញ លុះរហូតដល់ព្រឹកថ្ងៃទី២០សីហា ក៏ប្រទះឃើញសាកសពនារីរងគ្រោះបាត់បង់ជីវិតនៅក្នុងទឹកប្រឡាយផ្លូវចូលវត្តប្រស្រែទៅម្ដង។

ដោយឡែកតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះឃីម ហៅឆ្អឹង បានសារភាពថា ក្រោយពេលដែលនារីរងគ្រោះព្រមឡើងជិះម៉ូតូមកជាមួយហើយ ពួកគេក៏នាំនារីរងគ្រោះមកកាន់ផ្លូវបេតុងចូលវត្តប្រស្រែ (កន្លែងកើតហេតុ) ក្នុងភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

ជនសង្ស័យសារភាពបន្តថា លុះពេលមកដល់ រូបគេបានឱ្យបក្សពួក២នាក់ទៀតជិះម៉ូតូទៅយកម៉ូតូមួយគ្រឿងផ្សេងទៀតនៅផ្ទះ ដោយទុកឱ្យនារីរងគ្រោះ និងរូបគេនៅតែ២នាក់តទល់ បន្ទាប់មក រូបគេក៏លួងលោមសុំនារីរងគ្រោះរួមមេត្រី ប៉ុន្តែនារីរងគ្រោះមិនព្រម ទើបមានការប្រវាយប្រតប់គ្នា រហូតបណ្ដាលឱ្យនាងធ្លាក់ចូលទៅក្នុងទឹកប្រឡាយតែម្តង តែដោយមិនអស់ចិត្ត រូបគេក៏ចុះទៅច្របាច់.កនាង រួចជ្រមុជក្នុងទឹកប្រឡាយនោះថែមទៀត ប្រមាណជា20នាទី ទើបគេលែងដៃរួចឡើងមកលើផ្លូវវិញ។

ជនសង្ស័យសារភាពបន្តទៀតថា លុះពេលនោះបក្សពួក2នាក់ទៀតបានមកដល់ល្មម ហើយសួររកនារីរងគ្រោះ រូបគេក៏ប្រាប់ថា នាងធ្លាក់ចូលទឹកប្រឡាយបាត់ហើយ ឲ្យជួយលើកនាងផង ប៉ុន្តែបក្សពួក2នាក់នោះមិនព្រមជួយលើកទេ ។

ក្រោយមកក៏នាំគ្នាជិះម៉ូតូទៅបាត់តែម្តង ទើបរូបគេឡើងជិះម៉ូតូចេញទៅដែរ ដោយមិនបានដឹងថា នារីរងគ្រោះបានបាត់បង់ជីវិតនោះទេ បន្ទាប់មករូបគេក៏ធ្វើដំណើរឡើងទៅភ្នំពេញនៅយប់នោះតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកដល់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងហើយ និងកំពុងកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី។ គួរំលឹកថា ៖ បុរស៣នាក់ដឹកនារីម្នាក់ចេញពីផ្ទះ លុះរំលង៣ថ្ងៃស្រាប់តែឃើញនាងនៅប្រឡាយទឹក ៕

ដកស្រង់ពី៖កោះសន្តិភាព