បណ្តាញសង្គម

យុវជន​២​នាក់​ដើរ​លេង​មាត់ទឹក ស្រាប់​តែ​​ត្រូវ​ទឹក​ហូរ​កួច​យក​ទៅ​បាត់

ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានយុវជន២នាក់នាំគ្នាដើរលេងនៅតាមទំនប់ធារាសាស្ត្រស្ទឹងស្រែងបង្ហៀរស្ទាក់ទឹកទី១ ក៏ស្រាប់តែរអិលជើងចូលទឹក ហើយក៏ត្រូវទឹកហូរកួចទៅបាត់ បណ្តាលឱ្យលង់ទឹកបាត់បង់ជីវិតតែម្តង ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១និង៥០នាទីរសៀល នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅចំណុចទំនប់ធារាសាស្ត្រស្ទឹងស្រែងបង្ហៀរស្ទាក់ទឹកទី១ (ទំនប់ចិន) ស្ថិតក្នុងភូមិស្រីស្នំ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើ ១-ឈ្មោះ ជាតិ ចេន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបបជាសិស្ស រស់នៅតាប៉ែនឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងម្នាក់ទៀតឈ្មោះ រិន រៀប ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិជាមួយគ្នា ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ យុវជនរងគ្រោះទាំង២នាក់ខាងលើបាននាំគ្នាចុះដើរលេងតាមប្រព័ន្ធបង្ហៀរទឹក ស្រាប់តែរបូតជើងធ្លាក់ចូលទឹកដែលកំពុងតែហូរកួចយ៉ាងខ្លាំងធ្វើឲ្យយុវជនទាំង២នាក់លង់ទឹក បណ្តាលឱ្យបាត់បង់ជីវិតតែម្តង ។ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ និងបាននាំគ្នាស្វែងរកសាកសពជនរងគ្រោះទាំង២នាក់ដែរ ប៉ុន្តែរកពុំទាន់ឃើញនៅឡើយទេ ៕

ដកស្រង់ពី៖កោះសន្តិភាព