បណ្តាញសង្គម

ព្រោះតែ​រឿង​ឌឺដង​ដាក់គ្នា ត្រូវ​ជាប់​ពន្ធនាគារ​បណ្តោះអាសន្ន !

ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនយុវជន២នាក់ ដែលបានយកដំបងវាយយុវជនម្នាក់រងរបួសធ្ងន់ ដោយសារខឹងការឌឺដងដាក់គ្នា ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ដែលប្រព្រឹត្តនៅលើផ្លូវជាតិលេខ១១០ ក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាលស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៤ និង៣០នាទីល្ងាច តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទទី១-ឈ្មោះ ប៊ុង ម៉េងហុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល, ទី២-ឈ្មោះ ផេង លីហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាលស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សាឃី វ៉ាន់សូត្រ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។លោកវរសេនីយ៍ លន ចន្ថារ អធិការរងនគរបាលស្រុកស្អាង បានឲ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៤ និង៣០នាទីល្ងាច ឈ្មោះ សាឃី វ៉ាន់សូត្រ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាគូបជ្រុង ពណ៌ខៀវ សេ៥០ ជាមួយ ឈ្មោះ ហាក់ ហាគីម និងមិត្តភក្ដិពីរម៉ូតូផ្សេងទៀត មានគ្នា៥នាក់ ចេញពីរមណីដ្ឋានភូមិផ្កាត្រកួន ស្ថិតនៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ត្រឡប់មកផ្ទះវិញដោយឈ្មោះ ហាក់ ហាគីម ជាអ្នកឌុបឈ្មោះ សាឃី វ៉ាន់សូត្រ។

លុះពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ក៏ស្រាប់តែមានជនសង្ស័យ ចំនួន០២នាក់ (ឈ្មោះ ប៊ុង ម៉េងហុង និងឈ្មោះ ផេង លីហេង) បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ជិះតាមពីក្រោយ រួចបានយកដំបងឈើ ទំហំប៉ុនកដៃក្មេង ប្រវែងប្រហែលជិតមួយម៉ែត្រ វាយទៅលើឈ្មោះ សាឃី វ៉ាន់សូត្រ ចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យរបួសធ្ងន់ រួចបានជិះម៉ូតូគេចខ្លួនបាត់។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ។ បន្ទាប់ពីបានពាក្យបណ្ដឹងកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន ហើយក៏នាំខ្លួនជនសង្ស័យឈ្មោះ ប៊ុន ម៉េងហុង និងឈ្មោះ ផេង លីហេង មកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដំបងវាយទៅលើជនរងគ្រោះពិតប្រាកដមែន៕

ដកស្រង់ពី៖កោះសន្តិភាព