បណ្តាញសង្គម

កណ្ដាប់ដៃដែកបង្ក្រាបចិនប្លន់គ្នាឯង

ខេត្តព្រះសីហនុ ៖ កណ្តាប់ដៃដែករបស់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបជនសង្គមងងឹតមួយក្រុម ក្នុងករណីប្រើកាំបិតភ្ជង់ប្លន់ និងចាប់ជំរិត រវាងជនជាតិចិននិងចិនដូចគ្នា ហើយបានឈានដល់ការចាប់បានជនសង្ស័យ៣នាក់ និងរំដោះជនរងគ្រោះម្នាក់ ។

ជនសង្ស័យ៣នាក់ដែលត្រូវបានចាប់ខ្លួន ៖ ១-ឈ្មោះ NANG LIFU ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារផ្នែកគិតលុយ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅរាជធានីភ្នំពេញ ។ ២-ឈ្មោះ CHENG LIANG PING ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកហាងបាយ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅរាជធានីភ្នំពេញ ។

៣-ឈ្មោះ ZHENG XIAN JIN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកផ្សារទំនើប គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅកោះពេជ្រ រាជធានីភ្នំពេញ ។ចំណែកជនរងគ្រោះឈ្មោះ HE JIN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសាងសង់ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

បើតាមសមត្ថកិច្ចឱ្យដឹងថា នៅវេលាម៉ោង១៧និង៣០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចធនាគារ ABA ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ មានជនជាតិចិន៣នាក់ កំពុងធ្វើសកម្មភាពប្រើកាំបិតភ្ជង់ប្លន់ជនជាតិចិនម្នាក់ ភេទប្រុស ។

ខណៈពេលនោះ កម្លាំងជំនាញកំពុងជិះម៉ូតូល្បាត នៅចំណុចនោះស្រាប់ផង ក៏បានចុះប្រតិបត្តិការទៅរំដោះជនរងគ្រោះភ្លាមៗ ។ រីឯជនសង្ស័យពេលឃើញកម្លាំងសមត្ថកិច្ចទៅដល់ បាននាំគ្នារត់គេចខ្លួនបាត់អស់ ។

ក្រោយកើតហេតុ កម្លាំងជំនាញបាននាំជនរងគ្រោះទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីដាក់ពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនជនសង្ស័យ ។

បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលមហាជនជឿទុកចិត្តថា ជាស្នងការកណ្តាប់ដៃដែក បានប្រើប្រាស់កម្លាំងជំនាញ ឲ្យចុះស្រាវជ្រាវលើករណីនេះជាបន្ទាន់ រហូតដល់វេលាម៉ោង៧យប់ថ្ងៃដដែល ទើបបំបែកសម្បុកជនសង្ស័យដែលកំពុងលាក់ខ្លួន នៅចំណុចកាស៊ីណូប៉ាវជីន ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុទាំង៣នាក់ ។

ការបង្ក្រាបនោះ ក៏មានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអន្តរាគមន៍ពិសេស ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តផងដែរ ។

ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមាន៖ ១-កូនកាំបិតស្នៀត២ដើម(ឧបករណ៍ប្រព្រឹត្តិបទល្មើស) ២-ទូរស័ព្ទដៃ៤គ្រឿង ។ ជនសង្ស័យក្រោយពេលកសាងសំណុំរឿងបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព