បណ្តាញសង្គម

ដំបូងស្រលាញ់យកគ្នាលួចលាក់ ដល់​មេបាកាច់ សែន​យកគ្នាមែន​ទែន

ខេត្តកំពង់ធំ ៖ បានស័ក្តិ៣ពាក់លើស្មារក្បត់ចិត្តប្រពន្ធកូនទៅមានស្រីថ្មី ពាក់ព័ន្ធមន្ត្រីនគរបាលស័ក្តិ៣ម្នាក់ លេងល្បែងស្នេហាត្រីកោណទៅមានស្រីកំណាន់ខាងលើ ធ្វើឲ្យប្រពន្ធដើម ដែលមានកូន២នាក់ឈឺចិត្តស្ទើរបែកថ្លើមប្រមាត់ ទទូចស្នើសុំថ្នាក់លើមេត្តាជួយរកយុត្តិធម៌ឱ្យផង ព្រោះតែប្តីកំហូចនេះ បានទៅកៀកកើយជាមួយស្រីថ្មី ទុកឲ្យគាត់ជាប្រពន្ធរកលុយដោះបំណុលគេតែម្នាក់ឯង ។

ប្រភពបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ម៉ៃ ម៉ាឡែន ជាប្រពន្ធស្របច្បាប់ រស់នៅភូមិពង្ររលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានប្ដីឈ្មោះ ប៉ែន ចាន់ មានឋានន្តរស័ក្តជាអនុសេនីយ៍ឯក ប្រចាំការនៅប៉ុស្តិនគរបាលរដ្ឋបាលក្រវ៉ា ឃុំក្រវា ស្រុកបារាយណ៍។

ស្ត្រីរងគ្រោះជាប្រពន្ធស្របច្បាប់បានទទូចសុំឲ្យថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំ ពិសេសលោកស្នងការនគរបាលខេត្តស្តីទី មេត្តាជួយរកយុត្តិធម៌ឱ្យគាត់ផង ព្រោះប្តីគាត់ឈ្មោះ ប៉ែន ចាន់ បានលួចផិតក្បត់មានសហាយស្មន់ជាមួយស្ត្រីម្នាក់ជាគ្រូបង្រៀន រស់នៅភូមិឃុំជាមួយគ្នា ទុកកូនពីរនាក់ឱ្យគាត់ជាប្រពន្ធដើមចិញ្ចឹមនិងរកលុយដោះបំណុលធនាគារឯកជនចំនួន១ម៉ឺនដុល្លារ ខណៈដែលគាត់គ្មានមុខរបរអ្វីផងនោះ ។

ស្ត្រីជាប្រពន្ធស្របច្បាប់បានឱ្យដឹងថា មូលហេតុដែលគាត់ជំពាក់លុយធនាគារឯកជនចំនួន១ម៉ឺនដុល្លារនេះ គឺប្តីគាត់យកប្លង់ដីទៅដាក់ខ្ចីលុយធនាគារឯកជន ដើម្បីមើលជំងឺរបស់គាត់ លុះដល់មើលជំងឺជាហើយ បែរជាប្ដីកំហូច ចុះចោលប្រពន្ធកូន ហើយយកលុយដែលនៅសល់ពីមើលជំងឺរបស់ខ្លួននោះ ទៅរៀបការជាមួយស្រីថ្មី ជាគ្រូបង្រៀនម្នាក់នៅភូមិជាមួយគ្នា ទុកឱ្យគាត់ជាប្រពន្ធ និងកូនជាអ្នករកលុយសងធនាគារជំនួសខ្លួនទៅវិញ ។

ពាក់ព័ន្ធករណីនេះ កោះសន្តិភាពបានព្យាយាមសុំការបំភ្លឺពីលោកអនុសេនីយ៍ឯក ប៉ែន ចាន់ នៅល្ងាចថ្ងៃទី២៣ សីហា ឆ្នាំ២០២០នេះ តាមទូរស័ព្ទ លោកប្រាប់ថា រឿងលោកបានស្រលាញ់គ្នាជាមួយនឹងអ្នកគ្រូ ឈ្មោះ គិន កាលី ជាគ្រូបង្រៀននៅសាលាបឋម សិក្សារូងនោះជាការពិត លុះក្រោយមក ក៏មានសាច់ញាតិឈឺស្លាប់ម្នាក់ និងពីរនាក់ទៀតមានជំងឺ ។យោងតាមអបិយជំនឿ និងគ្រូទាយគេថា ខុសដូនតា ដោយសារកូនចៅស្រលាញ់គ្នាលួចលាក់ ធ្វើឱ្យមេបាកាច់ ។

ហើយចាស់ទុំក៏បានហៅលោកឲ្យសែនព្រេនបង្គ្រប់កិច្ចជាមួយអ្នកគ្រូខាងលើ កុំឲ្យខ្មោចធ្វើទៅតាមការបង្គាប់បញ្ជារបស់ចាស់ៗនឹងគ្រូទាយ! លោកបន្តរថា!ឆាប់តាំងពីសែនរួច លោកក៏បានប្រាប់ប្រពន្ធរបស់លោកដែរអំពីបញ្ហានេះ លោកគ្រាន់តែសែនបង្គ្រប់កិច្ចតែប៉ណ្ណោះ ហើយលោកក៏មិនបានទៅរស់នៅជាមួយនឹងអ្នកគ្រូដូចជាប្តីប្រពន្ធនោះដែរ ក្រោយមកក៏ផ្ទុះរឿងឡើង ដោយសារប្រពន្ធរបស់លោកបង្ហោះរឿងនឹងនៅក្នុងបណ្តាញសង្គម លោកក៏ឈប់មានទំនាក់ទំនងនឹងគ្នាចាប់ពីពេលនោះមក ។ ព័ត៌មានបន្ថែមមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។

ដកស្រង់ពី៖កោះសន្តិភាព