បណ្តាញសង្គម

បង្ក្រាប​ល្បែង​(​អាប៉ោង​) អ្នកលេង​រត់​អស់ សល់​តែ​ស្បែកជើង និង​ម៉ូតូ​០៣​គ្រឿង

ខេត្តកែប ៖ នៅល្ងាចថ្ងៃទី២៥ សីហា ២០២០ នេះកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្ក្រាបករណីលេងល្បែងស៊ីសង(អាប៉ោង)ខុសច្បាប់ នៅផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះ ខេត សារ៉ាន់ ក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

នៅពេលកម្លាំងសមត្ថកិច្ច ចុះទៅដល់ទីតាំងខាងលើ ក្រុមអ្នកលេងល្បែង បានរត់គេចខ្លួនអស់គ្មានសល់នរណាម្នាក់ បន្សល់ទុកតែស្បែកជើងរបស់អ្នកលេងល្បែងមួយចំនួន និងម៉ូតូចំនួន០៣គ្រឿង រួមនឹងឧបករណ៍លេងល្បែងអាប៉ោងផងដែរ ។

វត្ថុតាងខាងលើ សមត្ថកិច្ចនាំយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីឲ្យម្ចាស់ចូលខ្លួន ទៅធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រមូលផ្តុំគ្នាលេងល្បែង ស៊ីសងតទៅទៀត ។ ចំណែកម្ចាស់ផ្ទះ ត្រូវសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការផ្តល់ទីតាំងលេងល្បែងស៊ីសង បន្តទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព