បណ្តាញសង្គម

ប្រពន្ធ​និង​កូន​ចុងភៅ​ប្រុស រួមដៃ​គ្នា​ដាក់​ថ្នាំ​ងងុយដេក​ឲ្យ​ប្ដី​ផឹក​ជិត​៣​ខែ​ទើប​បែក​ការណ៍

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ជាកូនចុងភៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាមេចុងភៅថា បានដាក់ថ្នាំងងុយដេកនិងថ្នាំរាក ក្នុងទឹកនិងចំណីអាហារឲ្យរូបគាត់បរិភោគ ជិត៣ខែមកហើយ រហូតមានជំងឺក្រពះ ខណៈដែលមានអ្នកចូលរួមផ្សំគំនិតគ្នាម្នាក់ទៀត គឺជាប្រពន្ធរបស់ជនរងគ្រោះតែម្តង កំពុងរត់គេចខ្លួន ផងដែរ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ស្រេង ចាន់ណា ហៅត្រេន ភេទប្រុស អាយុ២១ឆ្នាំ បានមកធ្វើការងារជាកូនចុងភៅ ស្នាក់នៅផ្ទះកើតហេតុ លេខ៩១១C ផ្លូវ ៧៥ BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកស្ត្រីជាប់សង្ស័យមានឈ្មោះ តាំង លីណា ហៅលីតា អាយុ២៥ឆ្នាំ ដែលកំពុងរត់គេចខ្លួន ត្រូវជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះ ហ្វុង លីម ភេទប្រុស អាយុ៣០ឆ្នាំ មានមុខងារជាមេចុងភៅ ស្នាក់នៅផ្ទះដូចខាងលើ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ បានអោយដឹងថា កាលពីថ្ងៃទី២៦ ឧសភា ២០២០ ជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅត្រេន បានមកសុំការងារ ធ្វើជាកូនចុងភៅ ពី(ជនរងគ្រោះ)មេចុងភៅឈ្មោះ ហ្វុង លីម ភេទ នៅផ្ទះលេខកើតហេតុ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

លុះមកដល់ ខែសីហា ឆ្នាំ២០២០នេះ ជនរងគ្រោះជាមេចុងភៅ មានអាការប្លែកទៅៗ ចេះតែឈឺក្រពះ និងឈឺពោះរាគរុះខុសពីធម្មតា ក៏បានទៅឲ្យគ្រូពេទ្យពិនិត្យ ទើបដឹងថា កើតជំងឺក្រពះ ដែលការឈឺនេះបណ្តាលមកពីប្រើប្រាស់ថ្នាំងងុយដេកច្រើនពេក ពេលនោះ ជនរងគ្រោះឈ្មោះ ហ្វុង លីម មានការសង្ស័យទៅលើប្រពន្ធឈ្មោះ តាំង លីណា ហៅនីតា និងជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅត្រេន(ជាកូនចុងភៅ) ជាអ្នកដាក់ថ្នាំងងុយដេកនៅក្នុងទឹក និងក្នុងចំណីអាហារឲ្យគាត់បរិភោគជារាងរាល់ថ្ងៃ ពីព្រោះរូបគាត់មិនដែលប្រើប្រាស់ថ្នាំងងុយដេកទេ នាពេលកន្លងមក ។

ប្រភពសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ បានបន្តថា លុះមកដល់វេលាម៉ោង០៧ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ជនរងគ្រោះ បានហៅជនសង្ស័យ មកសាកសួរអស់រយៈពេលយ៉ាងយូរ ទើបជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ព្រមឆ្លើយសារភាពថា រូបគេ និងឈ្មោះ តាំង លីណា ហៅនីតា ជាប្រពន្ធរបស់ជនរងគ្រោះ បានដាក់ថ្នាំងងុយដេក និងថ្នាំរាគ នៅក្នុងទឹក និងក្នុងចំណីអាហារ ជាប្រចាំឲ្យជនរងគ្រោះបរិភោគ តាំងពីអំឡុងខែមិថុនា ឆ្នាំ២០២០ ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ ។

បន្ទាប់ពីឮដូច្នោះ ជនរងគ្រោះឈ្មោះ ហ្វុង លីម បានឃាត់ខ្លួនជនសង្ស័យ នាំយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមផ្លូវច្បាប់ ចំណែកស្ត្រីជនសង្ស័យឈ្មោះ តាំង លីណា បានរត់គេចខ្លួនបាត់ ។

ទោះជាយ៉ាងណា ចំពោះមូលហេតុពិត នៃការដាក់ថ្នាំងងុយដេកឲ្យប្ដីផឹកជាប្រចាំរាល់ថ្ងៃ ជិត៣ខែមកហើយនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើដាក់ការថ្នាំដើម្បីសម្លាប់ប្តី ឫមួយដាក់ឲ្យប្តីដេកលក់ ងាយស្រួលលួចផិតក្បត់ ? បច្ចុប្បន្ន យុវជនជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព