បណ្តាញសង្គម

លប​លួច​ឆ្លង​ដែន​ចូល​ដី​ថៃ​បរបាញ់​សត្វ​ព្រៃ ក៏​ត្រូវ​ទាហាន​ថៃ​បាញ់​រះ

ខេត្តបាត់ដំបង៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ទាហានថៃបានបាញ់ប្រហារមកលើពលរដ្ឋខ្មែរម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ កាលពីម៉ោងជាង១១យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រ ស្រុកបរ៉ៃ ខេត្តត្រាត ជាប់ព្រំដែន ស្រុកសំឡូត ខេត្តបាត់ដំបង ខណ:ពលរដ្ឋខ្មែររូបនេះលួចឆ្លងដែនទៅបរបាញ់សត្វព្រៃ។

សេចក្ដីរាយការណ៍បានឲ្យដឹងបន្តថា ជនរងគ្រោះខាងលើឈ្មោះ ចាន់ ដំ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត។ បើតាមប្រភពព័ត៌មានបានឱ្យដឹងដែរថា មិនមែនមានតែជនរងគ្រោះម្នាក់នេះទេ ដែលលួចឆ្លងចូលទឹកដីថៃ គឺនៅមានគ្នីគ្នាប៉ុន្មាននាក់ទៀតក៏បានលួចចូលបរបាញ់សត្វព្រៃក្នុងទឹកដីថៃ នៅជាប់នឹងព្រំដែននោះ ហើយជាមួយគ្នានោះដែរ ពួកគេក៏បានស្វែងរកកាប់ឈើគ្រញូងផងដែរ។

ប្រភពដដែលបន្តថា ប៉ុន្តែបានប្រទះនឹងទាហានថៃ ទើបត្រូវទាហានថៃបាញ់ប្រហារ បណ្ដាលឲ្យជនរងគ្រោះត្រូវចំកំពួនដៃស្តាំរបួសដូចយកកាំបិតទៅវះអ៊ីចឹង។នេះមិនមែនជាលើកទី១ទេ ដែលមានពលរដ្ឋខ្មែរមួយចំនួនរស់នៅស្រុកសំឡូត ត្រូវបានក្រុមទាហានថៃបាញ់ប្រហារ ដោយសារតែលួចឆ្លងដែនចូលព្រៃបរបាញ់សត្វពេលយប់ និងស្វែងរកកាប់ឈើគ្រញូង ដែលមានឈ្មួញឈើនៅឈរចាំទិញ។

ទោះបីជាយ៉ាងណា ជុំវិញករណីទាហានថៃបាញ់ប្រហារខាងលើនេះ បើតាមសមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីត្រូវក្រុមទាហានថៃបាញ់រះគ្មានប្រណីបែបនេះ ជនរងគ្រោះបានរត់បែកហ្វូងគ្នាទាំងយប់ត្រឡប់ចូលមកទឹកដីខ្មែរវិញ។ ហើយបច្ចុប្បន្ន ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្របង្អែកខេត្តហើយ៕

ដកស្រង់ពី៖កោះសន្តិភាព