បណ្តាញសង្គម

កូនប្រុសលោក​ឧកញ៉ា ទាញ​កាំភ្លើង AK គំរាម​បុរសម្នាក់​ជិះ​ម៉ូតូនៅ​ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ វីដេអូមួយឃ្លីប កំពុងមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកនិយមលេងហ្វេសប៊ុក រវាងបុរសអ្នកបើកបរម៉ូតូ និងបុរសអ្នកបើកបររថយន្ត ឈានដល់ផ្ទុះសម្តីដាក់គ្នា រហូតដល់បុរសភាគីខាងរថយន្តម៉ាក ម៉ាស្តា (Mazda) ពាក់ស្លាកលេខ ភ្នំពេញ 2AD-0819 បានទាញយកកាំភ្លើងអាកា៤៧ ស្វាយបត់ (AK47) កាន់គំរាមដាក់ បុរសអ្នកជិះម៉ូតូ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦ និង៤៥នាទី ល្ងាចនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

បើតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងជាបឋមថា ករណីទំនាស់ពាក្យសម្តីនេះ គឺរវាងកូនប្រុសរបស់លោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) រហ័សនាម០៩ (អ្នកបើកបររថយន្ត Mazda) និងឈ្មោះ ប្រាក់ សំបាន (អ្នកបើកបរម៉ូតូ ហុងដា) ដែលគេស្គាល់ថា ជាបុគ្គលិករបស់លោក ឃឿន សុឡា ហៅ K01 ជាអ្នកសារព័ត៌មាន ។ ភាគីទាំងពីរ បានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត (រហ័សនាម០៩) ទាញកាំភ្លើងវែង ពីក្នុងរថយន្តគំរាម ភាគីអ្នកបើកបរម៉ូតូ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និងលោកអធិការនគរបាលស្រុកទឹកផុសចុះទៅកន្លែងកើត ដើម្បីចាត់ការតាមនីតិវិធី ។ បើតាមគណនីហ្វេសប៊ុក Brak Ban ដែលបានបង្ហោះវីដេអូ និងរូបភាព អមដោយសារថា «សូមបងប្អូនជួយរកអត្តិធម៌ និងគិតពិចារណាមើលថា មន្ត្រីម្នាក់គំរាមខ្ញុំបាទ រកបាញ់ខ្ញុំបាទ ទាំងមិនដឹងអី ប្រហែលជាគាត់ស្រវឹង ចឹងបងប្អូនជួយស៊ែរអោយដឹងដល់ថ្នាក់ដឹកនាំផង» ។

ដោយឡែក លោក ឃឿន សុឡា ហៅ K01 បានសរសេរថា «K01សូមសួរបងប្អូនថា តើK01គួរធ្វើយ៉ាងណាទៅ បើគេធ្វើដាក់កូនចៅខ្ញុំបែបនេះ ស៊ែរអោយល្បីមួយផង អាងតែមានកាំភ្លើង ធ្វើអីស្រេចចិត្តមែនលោក សូមថ្នាក់លើជួយរកយុត្តិធម៍អោយក្រុមK01ផង ស៊ែរមួយផងបងៗ ខុសត្រូវអីចុះនិយាយគ្នាទៅបង អាងអីដកកាំភ្លើង គំរាមគេបែបនេះមិនល្អទេ ភូមិថ្នល់កែង ឃុំក្បាលទឹកស្រុកទឹកផុសខេត្តកំពង់ឆ្នាំង» ទោះជាយ៉ាងណា ករណីបង្ហាញកាំភ្លើងអាកា៤៧ ស្វាយបត់ ក្នុងកាយវិការគំរាមនេះ បានផ្តើមចេញពីមូលហេតុអ្វី ឲ្យពិតប្រាកដនោះ នៅឡើយទេ ៕

ដកស្រង់ពី៖កោះសន្តិភាព