បណ្តាញសង្គម

ជនបរទេស​២​នាក់​ស្នាក់​នៅ​ខុសច្បាប់ ត្រូវ​ប៉ូលិស​បណ្តេញចេញ

ខេត្តសៀមរាប ៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នាវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ចុះត្រួតពិនិត្យនៅចំនុចបន្ទប់ជួល ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប នាំខ្លួនជនបរទេសចំនួន ២នាក់ មកសាកសួរពាក់ព័ន្ធនឹងករណីស្នាក់នៅ ខុសច្បាប់ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញចាត់ការបន្តតាមនីតិវិធី។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះថា ជនបរទេសទាំងពីរនាក់នេះមានឈ្មោះដូចខាងក្រោម ៖ ១-VOLODYMYR BEHAL ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិ អ៊ុយក្រែន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ បម្រើការងារតាមប្រព័ន្ធអ៊ិនធើណិត ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៧ តាមច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ស្នាក់នៅខេត្តព្រះសីហនុ។

នៅថ្ងៃទី០៧-០៦-២០១៩ ត្រូវបានសាលា ដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស និងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន០១ឆ្នាំ ពីបទ អំពើលួច។ ២-SERGY PODOSYN ភេទប្រុស កើតថ្ងៃទី២៧-១២-១៩៦២ ជនជាតិរុស្ស៊ី គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ។

ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០១៧ តាមច្រកមិនចាំ ដោយធ្វើដំណើរពីប្រទេសថៃ មកស្នាក់ នៅខេត្តព្រះសីហនុ។ ជនបរទេសទាំងពីរនាក់នេះ ទើបតែចូលមកស្នាក់នៅក្នុងខេត្តសៀមរាប នាអំឡុងដើមខែសីហា ឆ្នាំ២០២០ នេះ។ ក្រោយការសាកសួរសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព