បណ្តាញសង្គម

ទីតាំង​លក់​អចលនទ្រព្យ​មួយ​រំលោភ​កម្មសិទ្ធិបញ្ញា ត្រូវ​បាន​នគរបាល​ចុះ​បង្ក្រាប

រាជធានីភ្នំពេញ ៖ ទីតាំងលក់អចលនទ្រព្យមួយកន្លែងបានរំលោភកម្មសិទ្ធិបញ្ញាក្រុមហ៊ុន «ភ្នំពេញ លែន ឌីវេឡុបមិន ឯ.ក» និងគ្មានច្បាប់អនុញ្ញាត ត្រូវបានកម្លាំងនគរការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការបង្ក្រាប បន្ទាប់ពីទទួលបាន ពាក្យបណ្ដឹងរបស់មេធាវីតំណាងឲ្យលោកស្រី សែ លីលី ជាប្រធានក្រុមហ៊ុន «ភ្នំពេញ លែន ឌីវេឡុបមិន ឯ.ក»។

តំណាងក្រុមហ៊ុនខាងលើបានសុំឲ្យសមត្ថកិច្ចបង្ក្រាប ឆែកឆេរទីតាំង ព្រមទាំងឃាត់ខ្លួនជនក្លែងបន្លំ និងទារសំណងជំងឺចិត្ត និងការខាតបង់ផ្សេងៗជាទឹកប្រាក់ ចំនួន១.៥០០.០០០ដុល្លារ (មួយលានប្រាំសែនដុល្លារអាមេរិក) ហើយនៅក្នុងខណៈពេលនោះ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនអ្នកក្លែងបន្លំរំលោភកម្មសិទ្ធិបញ្ញាចំនួន២នាក់នាំទៅសាកសួរចាត់ការតាមច្បាប់ ព្រមទាំងបានធ្វើការរុះរើស្លាកយីហោក្លែងក្លាយចោល និងបិទទ្វារឃ្លុំបេទីតាំងនោះ ជាបណ្ដោះអាសន្នផងដែរ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១៧១ ផ្លូវរថភ្លើង បុរីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ពិត បញ្ញា ស្នងការរងនគរបាល រាជធានីភ្នំពេញ ទទួលបន្ទុកផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាពិសេសមានការចូលរួម សម្របសម្រួលដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

ដោយឡែកជនដែលត្រូវកម្លាំងនគរបាលខាងលើឃាត់ខ្លួននោះម្នាក់ឈ្មោះ សាយ បូរ៉ា និង ម្នាក់ទៀតឈ្មោះ ហេង សុភ័ក្រ ហើយឆ្លងកាត់តាមការធ្វើការស្រាវជ្រាវនៅក្រសួងពាណិជ្ជកម្ម ទីតាំងមួយនេះ ពុំបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នោះឡើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុននឹងឈានដល់ការចុះបង្ក្រាបទីតាំងខាងលើពីសំណាក់កម្លាំងនៃស្នងការដ្ឋានរាជធានីភ្នំពេញនោះ គឺលោក ទេព មុនីជាតិ និងមេធាវី ទេព បញ្ញា តំណាងឲ្យលោកស្រី សែ លីលី ជាប្រធានក្រុមហ៊ុន «ភ្នំពេញ លែន ឌីវេឡុបមិន ឯ.ក» បានដាក់ពាក្យបណ្ដឹងទៅកាននគរបាលឲ្យជួយចុះបង្ក្រាប។

នៅក្នុងពាក្យបណ្ដឹងនោះបានដាក់ចំឈ្មោះ សាយ បូរ៉ា និង ហេង សុភ័ក្រ រួមជាមួយគូកនផងដែរចោទប្រកាន់ពីបទរំលោភលើកម្មសិទ្ធិបញ្ញា និងក្លែងបន្លំពាណិជ្ជនាម ហើយក៏បានសំណូមពរចំនួន៣ចំណុចរួមមាន៖ ១-សុំឲ្យសមត្ថកិច្ចមេត្តាចុះបង្ក្រាប ឆែកឆេរ ស្នាក់ការក្លែងបន្លំ។

២-សុំឲ្យសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សាយ បូរ៉ា និង ហេង សុភ័ក្រ ផ្តន្ទាទោសតាមច្បាប់ និង៣-ទាមទារសំណងជំងឺចិត្ត និងការខាតបង់ផ្សេងៗ និងការប៉ះពាល់កិត្តិយសក្រុមហ៊ុនជាទឹកប្រាក់ចំនួន១.៥០០.០០០ដុល្លារ (មួយលានប្រាំសែនដុល្លារអាមេរិក)។

ក្រោយពីទទួលបានពាក្យបណ្ដឹងនោះ ហើយកម្លាំងនគរការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ នាំយកទៅធ្វើការសាកសួរ និងងចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព