បណ្តាញសង្គម

ហ៊ាន​មែន​! លើក​ទី​១​ធ្វើ​ពុត​ជា​សួរ លើក​ទី​២​ផ្លោះ​របង​ចូល​​ត្រូវ​វាយ​ទ្រោម​​ខ្លួន

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកសម្ភារៈគ្រឿងដែក ហើយត្រូវបានសន្តិសុខជនជាតិចិន ដេញចាប់ក្របួចបាន រួចវាយទ្រោមខ្លួន ទើបប្រគល់ទៅឱ្យសមត្ថកិច្ចយកទៅសួរនាំ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង4និង15នាទីទៀបភ្លឺ ថ្ងៃទី31 ឆ្នាំ2020 តាមបណ្តោយផ្លូវ337 នៅចំណុចការដ្ឋានសំណង់មុខផ្សារទំនើបបាយ័ន្ត ស្ថិតនៅក្នុងសង្កាត់បឹងកក់1 ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើមានឈ្មោះ ធិក ភេទប្រុស អាយុ36ឆ្នាំ ស្នាក់នៅនឹងមុខរបរមិនពិតប្រាកដ ។តាមប្រភពពីសន្តិសុខបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនសង្ស័យម្នាក់ដើរមកបំរុងនឹងធ្វើសកម្មភាពលួចតាំងពីម៉ោង7យប់ ប៉ុន្តែសន្តិសុខគាត់មានការសង្ស័យ ទើបជនសង្ស័យរូបនេះធ្វើពុតធ្វើជាសួរនាំថា «ពូឯងយាមថែមម៉ោងអី» ហើយសន្តិសុខក៏បាននិយាយតបទៅវិញថា «យាម» ។

លុះរហូតដល់ម៉ោងកើតហេតុ ក៏ស្រាប់តែជនសង្ស័យមកម្តងទៀត ហើយឡើងលើដើមឈើរួចផ្លោះចូលក្នុងការដ្ឋានលួចយកដែកជើងរន្ទា និងសម្ភារៈសំណង់ជាច្រើនទៀត បំរុងនឹងអូសរត់ តែចៃដន្យអីក៏ត្រូវសន្តិសុខ រួមជាមួយនឹងជនជាតិចិន នាំគ្នាដេញតាមចាប់ន ហើយនាំគ្នាវាយមួយដៃវាយមួយជើង បណ្តាលអោយទ្រោមខ្លួន តែម្តង។ប្រភពដដែលបានបន្តទៀតថា កន្លងមក កន្លែងការដ្ឋានខាងលើនេះ ធ្លាប់បាត់របស់របរជាញឹកញាប់មកហើយ ។

ដោយឡែកជនសង្ស័យធ្លាប់ជាប់មណ្ឌលកែប្រែចំនួន2ទៅ3ដងមកហើយ ភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្តរាគមន៍ធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍បឹងកក់1 ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកក់1 ដើម្បីកសាងសំណុំរឿងបញ្ជូននខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព