បណ្តាញសង្គម

បុរសមិនស្គាល់អត្តសញ្ញាណ​ម្នាក់​ជួប​គ្រោះអកុសល​លើ​ផ្លូវ​​ជាតិលេខ​៤

ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូក្នុងទិសដៅបញ្ចាសគ្នា បណ្តាលឱ្យបុរសជាអ្នកបើកបរម៉ូតូបានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីថ្ងៃទី២ កញ្ញា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បុរសរងគ្រោះខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ ជាអ្នកបើកបរម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1C-4684 ។ ចំណែករថយន្ត១គ្រឿងម៉ាក ស៊ីណា (SEINNA) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-3118 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ បានរត់គេចខ្លួនបាត់តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូ១គ្រឿង ធ្វើដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ ក៏បានរេចង្កូតមកខាងឆ្វេងដៃបុកជាមួយរថយន្ត១គ្រឿង ដែលមានទិសដៅផ្ទុយគ្នា បណ្តាលអោយអ្នកបើកបរម៉ូតូបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន សពជនរងគ្រោះកំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូត្រូវយកមករក្សាទុកជាបណ្តោះនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

ដកស្រង់ពី៖កោះសន្តិភាព