បណ្តាញសង្គម

សព​តា​ឌុ​ច អតីត​មេ​គុក​ទួល​ស្លែង ត្រូវ​បាន​​បូជា​នៅ​វត្ត​ចាក់​អង្រែ​ក្រោម​(វីដេអូ)

រាជធានីភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជិត ១ ថ្ងៃត្រង់នេះ សពរបស់អតីតប្រធានគុកទួលស្លែងក្នុងសម័យខ្មែរក្រហម គឺ លោក កាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបានបូជាហើយនៅវត្តចាក់អង្រែក្រោម ដោយក្នុងនោះមានការរឹតបណ្តឹងសន្តិសុខ នៅទីតាំងបូជាសពផងដែរ ។

លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច បានទទួលមរណភាពនៅអាយុ ៧៧ ឆ្នាំ កាលពីវេលាអាធាត្រ ម៉ោង 00:52 ព្រឹក ថ្ងៃទី២ កញ្ញា ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃអង្គារ៍ ទី១ ខែកញ្ញា ។

នេះបើយោងតាមលោក នេត្រ ភ័ក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា សពរបស់លោក ឌុច ត្រូវបានដឹកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា ពេទ្យរុស្ស៊ី ទៅដល់វត្តចាក់អង្រែក្រោម នៅវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ទី ២ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីបូជាតាមប្រពៃណី ។

នៅទីកន្លែងបូជាសពអតីត គេសង្កេតឃើញមានវត្តមាន មន្ត្រីនគរបាល និងអនុរក្សពន្ធធនាគារ យាមកាមយ៉ាងតឹងរឹង នៅតំបន់នោះផងដែរ ដោយមិនអោយមានការចេញយ៉ាងអាណាធិបតេយ្យឡើយ ពិសេសក្រុមអ្នកសារព័ត៌មាន ។សូមរម្លឹកថា លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ឆ្នាំ និងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្ត គឺ ១៩ឆ្នាំ។

ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់ និងក្រោយមកអង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដាក់ពន្ធនាគារអស់មួយជីវិតដដែល ។

ឌុច ត្រូវបានដាក់ឲ្យឃុំនៅអគារឃុំឃាំងរបស់ អ.វ.ត.ក រហូតដល់ ថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ ក៏ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់។ យ៉ាងណាមិញ ធាតុរបស់ ឌុច ត្រូវបានយកទៅស្រុកកំណើតនៅខេត្តកំពង់ធំវិញ ៕

ដកស្រង់ពី៖កោះសន្តិភាព