បណ្តាញសង្គម

ទៀត​ហើយ បុរស​ម្នាក់​ចាក់​សម្លាប់​សង្សារ រួច​អារ​(​ក​)​​ខ្លួនឯង តែ​របួសធ្ងន់ ក្នុង​បុរី​លឹមឈាងហាក់

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិត នៅក្នុងថ្លុកឈាម ក្នុងផ្ទះជួលមួយកន្លែងក្នុងបុរីលឹមឈាងហាក់ ដោយអំពើឃាតកម្ម ដែលជាស្នាដៃសង្សារ ចាក់សម្លាប់ ខណៈពេលកំពុងផឹកស៊ីជុំគ្នា ហើយបន្ទាប់មកបុរសជាសង្សារ ដែលជាជនដៃដល់ បានអារ(ក) ខ្លួនឯងនឹងកាំបិត តាមក្រោយ ប៉ុន្តែភ្លាមៗនោះនៅមិនទាន់ស្លាប់តាមបំណងនៅឡើយទេ គ្រាន់តែរងរបួសធ្ងន់ តែប៉ុណ្ណោះ ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលគ្មានលេខ ស្ថិតនៅក្នុងបុរីលឹមឈាងហាក់ ចំការដូង ក្នុងភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ស្ត្រីដែលសង្សារចាក់សម្លាប់នេះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកជនជាឃាតករ មានឈ្មោះ ឯកឌៀម វន្ថា អ្នកទាំង២ស្នាក់នៅក្នុងផ្ទះជួលកើតហេតុខាងលើ ហើយករណីឃាតកម្មនេះ ពុំទាន់ដឹងថា បណ្ដាលមកពីមូលហតុអ្វីនៅឡើយទេ ប៉ុន្តែជំហ៊ានដំបូងសង្ស័យផ្ដើមចេញពីភ្លើងប្រចណ្ឌ ។

តាមប្រភពព័ត៌មានជាបឋមបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅក្នុងផ្ទះនោះមានការជួបជុំគ្នាផឹកស៊ីនៅក្នុងផ្ទះជួលនោះ ដែលគូសង្សារខាងលើបានជួលស្នាក់នៅ ហើយការផឹកស៊ី មានគ្នាចំនួន៥នាក់ ក្នុងនោះមានស្ត្រីរងគ្រោះ ជនដៃដល់ ប្ដីប្រពន្ធ១គូទៀត ដែលត្រូវជាមិត្តរបស់ជនដៃដល់ និងស្ត្រីម្នាក់ទៀត ដែលជាអ្នកធ្វើម្ហូប ។

ក្រោយពីការផឹកស៊ីដំណើរការយូរមក ប្ដីប្រពន្ធដែលត្រូវជាមិត្តបានលាទៅមុនបាត់ទៅ នៅសល់តែគូសង្សារ១គូនេះ និងស្ត្រីជាអ្នកធ្វើម្ហូបម្នាក់ប៉ុណ្ណោះ ខណៈនោះពុំដឹងថា មានទំនាស់អ្វីកើតឡើងនោះទេ ទើបឈានដល់បុរសខាងលើចាក់គូសង្សាររហូតដល់ស្លាប់ រួចអារ(ក)សម្លាប់ខ្លួនតាមក្រោយ តែមិនទាន់ស្លាប់ ។

ប្រភពដដែលបានបន្តថា ភ្លាមៗនោះស្ត្រីដែលជាអ្នកធ្វើម្ហូប បានរត់ចេញក្រៅស្រែកឲ្យអ្នកជិតខាងជួយ ទើបមានការភ្ញាក់ផ្អើលឡើង ហើយអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោក៏បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ព្រមទាំងនាំជនដៃដល់ទៅកាន់មន្ទីរពេទ្យ និងហៅស្ត្រីអ្នកធ្វើម្ហូបទៅសាកសួរបំភ្លឺផងដែរ៕ មុននេះបន្តិច បុរសម្នាក់ចាក់សម្លាប់សង្សារ រួចអារ(ក)ខ្លួនឯងតាមក្រោយ តែមិនស្លាប់

ដកស្រង់ពី៖កោះសន្តិភាព