បណ្តាញសង្គម

រត់គេច​ចល័ត​ជិត​២​ឆ្នាំ​បន្ទាប់​ពី​កាប់​ស្ត្រី​ម្នាក់​រួច​ជះ​ទឹក​អាស៊ីត ពេល​នេះ​ដល់​ថ្ងៃ​អង្សា​​ហើយ​(​វី​ដេ​អូ​)

ខេត្តបាត់ដំបង ៖ ទណ្ឌិតម្នាក់ដែលតុលាការកាត់ទោសកំបាំងមុខ ដោយផ្តន្ទាទោសជាប់ពន្ធនាគារចំនួន១៤ឆ្នាំ ក្នុងសំណុំរឿងកាប់ស្ត្រីម្នាក់ដាច់.កដៃម្ខាង ហើយបានរត់គេចខ្លួនអស់រយៈពេលជិត២ឆ្នាំកន្លងទៅនេះ ពេលនេះត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តបាត់ដំបង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និង កម្លាំងការិយាល័យជំនាញ ស្នងការខេត្តប៉ៃលិនផង ចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០២ ខណៈពេលដែលជននេះកំពុងសម្ងំលាក់ខ្លួននៅក្នុងភូមិចម្លងរម៉ាំងលើ ឃុំអូរសំរិល ស្រុកសំឡូត។នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានប្រាប់កោះសន្តិភាពថា ជនជាប់ចោទខាងលើឈ្មោះ គុប ផា ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

ជននេះ ត្រូវបានកម្លាំងសហការរបស់លោកចាប់ខ្លួន តាមដីការបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ១០៤/២០២០ ចុះថ្ងៃទី០៨ មេសា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ។បើតាមព្រឹត្តិហេតុនៃសំណុំរឿងនេះ ដែលកោះសន្តិភាពទទូលបានពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានករណី «ប៉ុនប៉ងមនុស្សឃាត» ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ គុប ផា អាយុ៤៣ឆ្នាំ។

នៅក្នុងអំពើដ៏សាហាវឃោឃៅនោះ ជនឈ្មោះ គុប ផា បានធ្វើសកម្មភាព យកកាំបិតប៉័ងតោ កាប់ប្រហារទៅលើស្ត្រីម្នាក់ឈ្មោះ សាន ចិន្តា ជាច្រើនកាំបិត បណ្តាលឲ្យស្ត្រីរងគ្រោះដាច់ត្រឹម.កដៃខាងឆ្វែង។ មិនតែប៉ុណ្ណោះ ជននេះ បានយកទឹកអាស៊ីតជះទៅលើរាងកាយនាងបន្ថែមទៀត បណ្ដាលឱ្យនាងរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត។

បន្ទាប់ពីប្រព្រឹត្តអំពើដ៏សាហាវនេះទៅលើនារីរងគ្រោះរួច ជននេះបានរត់ចោលស្រុក ទៅសម្ងំលាក់ខ្លួននៅតាមបណ្ដាខេត្តនានា ដូចជានៅខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ជាដើម។ ប៉ុន្តែក្រោយមក តុលាការខេត្តតាកែវ បានសម្រេចបើកសវនាការកាត់ទោសកំបាំងមុខជនជាប់ចោទឈ្មោះ គុប ផា នេះឱ្យជាប់គុកចំនួន១៤ឆ្នាំ ដោយតំណាងអយ្យការចោទប្រកាន់ពីបទ «ប៉ុនប៉ងអំពើឃាតកម្ម» ហើយការដាក់ទោសនេះ ដោយគិតចាប់ពីថ្ងៃចាប់ខ្លួនបាន។

លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ដែរថា បើតាមការស៊ើបអង្កេតរបស់កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ដែលបានតាមដានជិត២ឆ្នាំកន្លងទៅនេះ ជននេះបានចល័តការស្នាក់នៅតាមបណ្ដាខេត្តខាងលើ ប៉ុន្តែលុះដល់ថ្ងៃអង្សាចុងក្រោយនេះ កម្លាំងជំនាញបានកំណត់គោលដៅច្បាស់លាស់អំពីទីតាំងលាក់ខ្លួនរបស់ទណ្ឌិត គុប ផា នៅក្នុងស្រុកសំឡូត ទើបឈានដល់ការចុះទៅចាប់ខ្លួនដល់កន្លែងស្នាក់នៅតែម្ដង។ លោកបានបញ្ជាក់ថា ក្រោយពេលចាប់ខ្លួន លោកស្នងការខេត្តបានប្រគល់ទណ្ឌិតរូបនេះ ឱ្យទៅនាយកដ្ឋានព្រហ្មទណ្ឌចាត់ការបន្តហើយ៕

ដកស្រង់ពី៖កោះសន្តិភាព