បណ្តាញសង្គម

៣នាក់​ជិះ​ម៉ូតូ​១គ្រឿង​បញ្ច្រាសទិស​ឆ្លងផ្លូវ​​ ជួបគ្រោះអកុសល​

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក២នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូអូសជាង២០ម៉ែត្រ ។

ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៤ កែងស្តុបផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ មៃ មិត ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិបុសតាឯក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ រីឯជនរងគ្រោះ២នាក់ទៀតដែលរងរបួសធ្ងន់ ក្នុងនោះយុវជនម្នាក់ និងនារីម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ។ ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ក្រហមលាយស ពាក់ស្លាកលេខ កណ្ដាល 1Y- 2802 ។

ចំណែករថយន្តមួយគ្រឿងខាងលើម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 12T-7858 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ៣នាក់ (យុវជន២នាក់ និងនារីម្នាក់) ជិះម៉ូតូមួយគ្រឿងចេញពី format 24 ម៉ោងនៅម្ដុំកែងកប់ស្រូវ ។

តាមប្រភពដដែលបានបន្តថា បន្ទាប់មកម៉ូតូជនរងគ្រោះខាងលើបានជិះបញ្ច្រាសទិសដៅចរាចរណ៍ឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ពេលនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស បើកបុកយ៉ាងពេញទំហឹង ព្រមទាំងអូសជនរងគ្រោះនិងម៉ូតូជាង២០ម៉ែត្រ បណ្តាលឲ្យយុវជនម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រីឯយុវជនម្នាក់ទៀត និងនារីម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមផងដែរ ចំណែកឯម៉ូតូរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ដោយទុករថយន្តនៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុ ជំនាញខណ្ឌពោធិ៍សែនជ័យបានទាក់ទងទៅជំនាញចរាចរណ៍រាជធានីភ្នំពេញដើម្បីវាស់វែង និងយករថយន្តព្រមទាំងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅថ្ងៃក្រោយទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព