បណ្តាញសង្គម

អ្នកកាសែត នៅសមាគមខ្មែរប្រជាធិបតេយ្យ ត្រូវគេបាញ់សម្លាប់ និងម្នាក់ទៀត បានបាត់ខ្លួន នៅឃុំខ្សឹម ស្រុកស្នួល

ក្រចេះ៖ អ្នកកាសែតម្នាក់ ត្រូវគេស្គាល់ថា ជាអ្នកធ្វើការ នៅសមាគមខ្មែរ ប្រជាធិបតេយ្យ ត្រូវបានគេបាញ់ សម្លាប់ និងម្នាក់ ទៀតបានបាត់ខ្លួន នៅវេលាម៉ោង ប្រហែល ១២យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ ត្រង់ចំណុច ទួលពន្លៃ ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។

យោងតាម មន្ត្រីនគរបាល ព្រហ្មទណ្ឌ ខេត្តក្រចេះមួយរូប បានបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ តាំង ទ្រី អាយុ ៤៩ឆ្នាំ ជាអ្នកកាសែត បម្រើការងារ នៅសមាគមខ្មែរ ប្រជាធិបតេយ្យ ហើយធ្លាប់ ជាប់ពន្ធនាគារ ពីបទជម្រិត ទារប្រាក់ រឿងឈើម្តង រួចមកហើយ បើតាមការ សន្និដ្ឋាន របស់សមត្ថកិច្ច ប្រហែលជនរង គ្រោះខាងលើបាន ទៅជម្រិត ប្រាក់ពីឈ្មួញឈើ បណ្តាលឲ្យ ឈ្មួញឈើខឹង ក៏បានបាញ់ ប្រហារតែម្តងទៅ។

ចំណែកឯម្នាក់ទៀត មិនទាន់ស្គាល់ អត្តសញ្ញាណ បានបាត់ខ្លួន។ សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ គេឃើញ ក្រុមអ្នក កាសែត មានគ្នា ៤ ទៅ៥នាក់ បានចូលទៅក្នុង តំបន់ព្រៃឈើ ស្ថិតនៅឃុំខ្សឹម ស្រុកស្នួល បន្ទាប់មកក្រុម អ្នកកាសែត បានចេញពី តំបន់ព្រៃឈ ត្រឡប់មកវិញ ពេលនោះ រថយន្តរបស់ពួកគេ បានជាប់ ផុងតាមផ្លូវ ខណៈនោះ ក៏មានរថយន្ត លុច្សស៊ីស មួយគ្រឿងបានមក ដល់ក៏ធ្វើបាញ់ប្រហារ បន្ទាប់មកទៀត រថយន្តលុច្សស៊ីស បានបើកចេញទៅវិញ ក៏បានក្រឡាប់ ហើយអ្នក បើកបរ បានរត់គេចខ្លួនបាត់ ។

ស្នងការនគរបាល ខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានបញ្ជាក់ តាមទូរស័ព្ទថា ជនរងគ្រោះ ត្រូវបានជន ដៃដល់បាញ់ ចំចិញ្ចើមស្លាប់ ហើយបច្ចុប្បន្ន លោកបានឲ្យមន្ត្រី នគរបាលរបស់លោក ធ្វើការ ស្រាវជ្រាវ និងតាមចាប់ខ្លួន ជនដៃដល់ យកមកផ្តន្ទាទោស តាមច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល