បណ្តាញសង្គម

ទាំងប្រុស ទាំងស្រី​១​ក្រុម​ចូល​ក្លឹ​ប យក​ទាំង​ដែកឆាប​តាម អស់លក្ខណ៍

រាជធានីភ្នំពេញ ៖ ប្រុស៤នាក់ រួមនឹងស្ត្រីម្នាក់ បាននាំគ្នាចូលលេងក្លឹបដោយយកដែកឆាបចូលទៅមួយ តែក៏ត្រូវសមត្ថកិច្ចឆែកឆេររកឃើញ រួចឃាត់ទាំង៥នាក់បញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌភ្លាមៗតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងក្លឹបមិតណាយ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង៥នាក់ខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ បានជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿង ម៉ាកហុងដាឌ្រីម សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1C-9741 និងម៉ូតូមូយគ្រឿងទៀត ម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1CW-2179។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនកើតហេតុ ជនសង្ស័យទាំង៥នាក់ ក្នុងនោះមានស្រីម្នាក់ បានជិះម៉ូតូ២គ្រឿងមកលេងក្លឹប «មិតណាយ» នៅតាមបណ្តោយផ្លូវវេងស្រេង ក៏ត្រូវកម្លាំងសន្តិសុខក្លឹបឆែកឆេរ ក៏ស្រាប់តែរកឃើញដែកឆាបជំពុះទុង មានគំរបបិចតែម្ត ហើយក៏ត្រូវសន្តិសុខបានណែនាំរួច ជនសង្ស័យក៏យកដែកឆាបនោះដាក់ក្នុងកែបម៉ូតូរួចចូលរាំ បន្ទាប់មកបានចេញមកខាងក្រៅ ហើយក៏យកដែកឆាបចូលទៅខាងក្នុងម្តងទៀត។

ប្រភពដដែលបានបន្តទៀតថា ខណៈពេលភ្លាមៗនោះ សន្តិសុខក្លឹបបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានដល់ទីតាំងកើតហេតុ ប៉ុន្តែដោយសារតែសមត្ថកិច្ចមិនមានឯកសណ្ឋានត្រឹមត្រូវ ក៏ត្រូវជនសង្ស័យខាងលើបានសើចចំអកដាក់សមត្ថកិច្ចថា «អត់មានឯកសណ្ឋាន» ។

បន្ទាប់មកសមត្ថកិច្ចក៏បានទៅវិញ ហើយយកឯកសណ្ឋាន ព្រមទាំងស្ពាយ AK មកកន្លែងកើតហេតុម្តងទៀត ទើបជនសង្ស័យស្ងាត់មាត់ឈឹង ។ ក្រោយមកជំនាញព្រហ្មទណ្ឌខណ្ឌបានមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីនាំខ្លួនជនសង្ស័យយកទៅឲ្យផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីបន្តផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព