បណ្តាញសង្គម

បាញ់​៣​គ្រាប់ ស្តារ​កាណុង​ក្នុង​ចំការ សមត្ថកិច្ច​ហៅ​លោក ខាន់ សុវណ្ណ មក​ធ្វើ​កិច្ចសន្យា

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីវីដេអូឃ្លីបមួយចែករំលែកបន្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាព បុរសម្នាក់បាញ់កាំភ្លើងខ្លី ចំនួន៣គ្រាប់ ដោយអះអាងថា ជាការស្តារកាណុង ក្នុងចំការតា សុវណ្ណ បង្កឲ្យមានការរិះគន់យ៉ាងខ្លាំងរួចមក នៅថ្ងៃទី២៩ កញ្ញា ២០២០ ម្សិលមិញនេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានចុះទៅដល់ចំការរបស់លោក ខាន់ សុវណ្ណ ហើយនាំខ្លួនលោកមកធ្វើកិច្ចសន្យា ។

សូមជម្រាបថា លោក ខាន់ សុវណ្ណ ជាម្ចាស់កម្មវិធី live show របស់អង្គព្រោកប្រាជ្ញ ធ្លាប់បានអនុញ្ញាតឲ្យបានបន្តផ្ទាល់ នៅក្នុងវិទ្យុបាយ័ន តាមរលកធាតុអាកាស FM 95 MHz ។

នៅចំពោះមុខសមត្ថកិច្ច លោក ខាន់ សុវណ្ណ បានធ្វើកិច្ចសន្យាថា ៖ «ខ្ញុំបាទសូមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចថា បើសិនជាសមត្ថកិច្ច ត្រូវការកោះហៅ រូបខ្ញុំនៅពេលណា រូបខ្ញុំបាទនឹងទៅជួបបំភ្លឺ ទៅតាមការហៅរបស់សមត្ថកិច្ច ថ្នាក់លើ ត្រូវការខ្ញុំ ។

ក្នុងករណីរូបខ្ញុំ គេចវេសមិនព្រមចូលខ្លួនទៅបំភ្លឺ តាមការកំណត់របស់សមត្ថកិច្ចទេនោះ រូបខ្ញុំព្រមប្រគល់ខ្លួនជូនសមត្ថកិច្ចចាត់វិធានការតាមច្បាប់» ៕

ដកស្រង់ពី៖កោះសន្តិភាព