បណ្តាញសង្គម

ខ្លាំង​បាត់​ក្រុម​ចោរ​! ម្នាក់​ធាក់​ផ្តួល​ម៉ូតូ ម្នាក់​ទៀត​កាន់ដំបង​ចុះ​បម្រុង​វាយ រួច​ប្លន់

ខេត្តកណ្ដាល ៖ ក្រុមចោរ៣នាក់បានជិះម៉ូតូធ្វើសកម្មភាពធាក់ផ្តួលម៉ូតូប្រជាពលរដ្ឋដែលកំពុងជិះតាមដងផ្លូវ រួចយកម៉ូតូជិះគេចខ្លួន តែមិនបានសម្រេចឡើយ ហើយក៏ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបាន២នាក់តែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩និង១០នាទីយប់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង។បើតាមនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ ស៊ុន សុភ័ក្តភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឫស្សី ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរបុគ្គលិកក្រុមហ៊ុនមួយ (វិស្វករវាស់វែងផ្នែកអគ្គិសនី)។

ចំណែកក្រុមជនសង្ស័យមានគ្នា៣នាក់ គឺទី១-ឈ្មោះ ហង្ស សុខនី ហៅប៊ុច ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរជាងភ្លើង ទី២-ឈ្មោះ ឆាយ សុភា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស និងទី៣-ឈ្មោះ សំអន ភេទប្រុស មានទីលំនៅខេត្ត ព្រៃវែង (គេចខ្លួន)។

ដោយឡែកវត្ថុតាងចាប់យកមាន ម៉ូតូ១គ្រឿងម៉ាកហុងដាស្កូពី ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ តាកែវ 1V-2527 និងទូរស័ព្ទដៃ២គ្រឿងផងដែរ។ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនសង្ស័យទាំង៣នាក់បានជិះម៉ូតូ១គ្រឿងដោយជនសង្ស័យឈ្មោះ ឆាយ សុភា ជាអ្នកបើក, ឈ្មោះ ហង្ស សុខនី ជាអ្នកជិះកណ្តាល និងឈ្មោះ សំអូន ជាអ្នកជិះខាងក្រោយ ដោយបានជិះម៉ូតូពីផ្ទះរបស់ឈ្មោះ ហង្ស សុខនី ឆ្ពោះមកភ្នំពេញ តាមផ្លូវជាតិលេខ៣ ដើម្បីធ្វើសកម្មភាពលួច ។

ប្រភះពដដែលបន្តថា លុះជិះមកដល់ចំណុចកើតហេតុ ក៏ឃើញជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯង ភ្លាមៗនោះជនសង្ស័យឈ្មោះ ឆាយ សុភា បានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល រួចជនសង្ស័យឈ្មោះ សំអន ដែលជិះពីក្រោយកាន់ដំបង រួចចុះពីលើម៉ូតូបម្រុងវាយជនរងគ្រោះ រួចបានលើកយកម៉ូតូជនរងគ្រោះជិះគេចខ្លួន តែភ្លាមៗនោះជនរងគ្រោះបានស្រែកថា «ចោរៗ»។ប្រភពដដែលបន្តទៀតថា ពេលនោះប្រជាពលរដ្ឋបានឮក៏ ដេញតាមជនសង្ស័យពីក្រោយ និងធ្វើការពួនស្ទាក់ដើម្បីជាប់។

ដោយឃើញដូចនោះ ជនសង្ស័យភ័យពេក ក៏បានផ្តួលម៉ូតូចោល រួចរត់ចូលព្រៃដើម្បីគេចខ្លួនតែម្តង ប៉ុន្តែក៏ត្រូវបានកម្លាំងប្រជាការពារ និងសមត្ថកិច្ច តាមរុករករហូតតាមចាប់ខ្លួនបានជនសង្ស័យ២នាក់នៅចំណុចឃុំគោកត្រប់។ ដោយឡែក ជនសង្ស័យឈ្មោះ សំអន បានជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ទៅហើយ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចកំពុងតែស៊ើបអង្កេត និងបន្តចាត់ការស្វែងរកចាប់ជនសង្ស័យដែលរត់គេចខ្លួនរូបនោះ មកមកផ្តន្ទាទោសតាមនីតិវិធីផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព