បណ្តាញសង្គម

សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​លក់​ផ​លិ​ផល គ្រឿងសម្អាង​របស់​ក្រុមហ៊ុន​វី​អាយ​ភី​អិ​ល​វី

រាជធានីភ្នំពេញ ៖ តូប លក់ចែកចាយគ្រឿងសម្អាងមួយកន្លែងនៅផ្សារទួលគោក និងស្នាក់ការក្រុមហ៊ុនវីអាយភីអិលវីខសមេធីកឯ.ក ត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពដល់សង្គម នៃក្រសួងមហាផ្ទៃចុះឆែកឆេរ ដោយដកហូតផលិតផលគ្រឿងសម្អាងជាច្រើនកេសដែលបានលក់ចែកចាយនៅលើទីផ្សារគ្មានច្បាប់អនុញ្ញាត និងសង្ស័យថា បានវេចខ្ចប់ចែកចាយទៅលើទីផ្សារ បង្កឲ្យប៉ះពាល់ដលអ្នកប្រើប្រាស់។

ការឆែកឆេរនេះបានធ្វើឡើងកាលពីវេលាថ្ងៃត្រង់ទី០១ ខែតុលា ឆ្នាំ២០២០ នៅចំណុចតូចលេខ១៧ ផ្សារទួលគោក និង ចំណុចផ្ទះលេខ១៦ ផ្លូវលេខ៣០១ ភូមិទី១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលជាទីតាំងស្នាក់ការក្រុមហ៊ុនតែម្តង។ ម្ចាស់ក្រុមហ៊ុននោះត្រូវបានគេស្គាល់ថា ឈ្មោះ ស៊ុន វត្ថា ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុនខាងលើ។ ប្រតិបត្តិការនេះដឹកនាំសម្របសម្រួលលោក សៀក ឡុងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ខាន់ លីណា អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

តាមព័ត៌មានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១២ ថ្ងៃត្រង់សមត្ថកិច្ចជំនាញក៏បានចុះទៅសហការជាមួយនគរបាលមូលដ្ឋានធ្វើការឆែកឆេរតូបលក់ចែកចាយផលិតផលគ្រឿងសម្អាងនៅតូបលេខ១៧ផ្សារទួលគោក ដោយដកហូតបានគ្រឿងសម្អាងម៉ាក VLP LV និងផលិតផល២៤Kជាច្រើនកេស។

លុះក្រោយមកនៅវេលារសៀល សមត្ថកិច្ចក៏បន្តទៅឆែកឆេរ សម្អាងការ សិរីមង្គល និងមានថតរូប ដែលគ្រឹះស្ថានអាហ័រណនិហរ័ណផលិតផលគ្រឿងសម្អាងវីអាយភី អិលវី ដែលស្ថិតនៅផ្ទះលេខ១៦ ផ្លូវលេខ៣០១ ភូមិទី១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។តាមសមត្ថកិច្ចឲ្យដឹងថា ការចុះឆែកឆេរដោយសារតែគ្រឿងសម្អាងអត់ មានច្បាប់ចែកចាយនៅទីផ្សារ ពីក្រសួងសុខាភិបាល និងមានការសង្ស័យ គ្រឿងសម្អាងនេះនាំចូលពីប្រទេសថៃ និងវៀតណាម វេចខ្ចប់គ្មានច្បាប់អនុញ្ញាតចែកចាយទីផ្សារ បង្កឲ្យប៉ះពាល់ដល់សុខភាពស្បែកមុខ អ្នកប្រើប្រាស់។

បន្ទាប់ពីឆែកឆេរ សមត្ថកិច្ចក៏បានឃ្លុំបេ ទីតាំងព្រមទាំងអញ្ចើញម្ចាស់ទៅសាកសួរ។ ទោះបីជាយ៉ាងណា អ្នកយកព័ត៌មានពុំទទួលការបំភ្លឺណាមួយពីខាងក្រុមហ៊ុនបានឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព