បណ្តាញសង្គម

ចោរ​លួច​រថយន្ត ​ជើងចាស់​ម្នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ លើក​ទី​៣​ ក្រោយពី​លួច​រថយន្ត​ អ្នក​កាសែត

ត្បូងឃ្មុំ៖ មុខសញ្ញាចោរ លួចរថយន្តម្នាក់ ដែលមាន ប្រវត្តិធ្លាប់ជាប់គុក ច្រើនដងមកហើយ ឥឡូវ ត្រូវបានសមត្ថកិច្ច នគរបាលខេត្តត្បូងឃ្មុំ ចាប់ខ្លួនកាលពីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីបានធ្វើ សកម្មភាពលួច យករថយន្ត របស់អ្នកកាសែត មួយគ្រឿងនៅក្នុងភូមិ ក្រាំងអង្ក្រង សង្កាត់ ក្រាំងធ្នង់ខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រ ថ្ងៃដដែល។

ជនជាប់ចោទជា ចោររូបនោះ ឈ្មោះ ឈឹម ឈិន អាយុ ៤៣ឆ្នាំ ទីលំនៅភូមិកណ្តាល ឃុំវិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ ប៉ូលិសនិយាយថា ការចាប់ខ្លួនជន ជាប់ចោទរូបនេះ ធ្វើឡើងតាមបណ្តឹង របស់លោក ហេង សីនិត្យ អាយុ ៤៦ឆ្នាំ មុខរបរ អ្នកកាសែត មានទីលំនៅ ផ្ទះលេខ ៤៤ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានប្តឹងថាគាត់ បានបាត់រថយន្ត ម៉ាកកាមរី ពណ៌ស ស៊េរីឆ្នាំ១៩៩២ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2A 1860 កាលពីរំលង អធ្រាត្រឈាន ចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤។

លោក ម៉ក់ ហុង បានមានប្រសាសន៍ថា ក្រោយពីទទួល បានព័ត៌មាន ពីជនរងគ្រោះ លោកក៏បាន សហការជាមួយ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ ។ តាមប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឲ្យដឹងថា តាមការស្រាវ និងសួរនាំ ជនល្មើសឈ្មោះ ឈឹម ឈិន នេះ ធ្លាប់ជាប់ពន្ធនាគារ ចំនួន ២ដង មកហើយ ពីបទលួចរថយន្តគេ នៅភ្នំពេញ និងនៅខេត្តកោះកុង។

ប៉ូលិសកំពុង ស្រាវជ្រាវ បន្ថែមទៀត លើជនជាប់ចោទរូបនេះ ថាតើបានលួច រថយន្ត គេអស់ប៉ុន្មាន ហើយយកទៅ លក់នៅឯណា៕