បណ្តាញសង្គម

មេអាប៉ោង​ម្នាក់​រត់​រហូត​គាំងបេះដូង​ដួល​សន្លប់ ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​បាន​ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានបុរសម្នាក់ដែលគេស្គាល់គ្រប់គ្នាថា ជាមេអាប៉ោង កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានបាត់បង់អាយុជីវិតដោយសារគាំងបេះដូង ខណៈរត់គេចខ្លួនភ័យពីកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបទល្មើសលេងល្បែងស៊ីសងខុសច្បាប់។

បុរសនោះឈ្មោះ នៅ ដារ៉ា អាយុ៥៨ឆ្នាំ មានទីលំនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សេចក្តីរាយការណ៍បន្តថា កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៥ ខែតុលា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកូបសហការណ៍ជា មួយកម្លាំងប្រជាការពារឃុំ បានចុះទៅបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (អាប៉ោង)មួយករណីនៅចំណុចវាលត្រពាំងច្រាំង ស្ថិតនៅខាងលិចភូមិផ្គាំចម្ងាយប្រហែល៥០០ម៉ែត្រ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ពេលសមត្ថកិច្ចចុះបង្ក្រាប ក្រុមអ្នកលេង និងមេអាប៉ោងបាននាំគ្នារត់គេចខ្លួន ចុះទឹកប្រហែល៥០ម៉ែត្រ ស្រាប់តែពេលនោះឈ្មោះ នៅ ដារ៉ា ដែលមានជំងឺបេះដូងជាអ្នកកាន់មេអាប៉ោង រត់រហូតគាំងបេះដូងដួលសន្លប់នៅលើភ្លឺស្រែ។

ឃើញដូច្នោះកម្លាំងសមត្ថកិច្ចនគរបាលបានជួយសង្គ្រោះ និងសែងជនរងគ្រោះទៅកាន់មណ្ឌលសុខភាពសឹង្ហ នៅវេលាម៉ោង៤ រសៀលថ្ងៃដដែលនោះលោកវេជ្ជបណ្ឌិត នៃមណ្ឌលសុខភាពបានធ្វើការពិនិត្យ ហើយប្រាប់វិញភ្លាមថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។ ករណីខាងលើនេះជនរងគ្រោះទំនងភ័យខ្លាចសមត្ថកិច្ចចាប់ខ្លួន ក៏រត់រហូតគាំងបេះដូងដួលសន្លប់ និងបណ្តាលឲ្យបាត់បង់ជីវិត។

តែបើតាមសមត្ថកិច្ចអះអាងថា អ្នកលេងល្បែងស៊ីសងដូចនេះ (អាប៉ោង) គ្រាន់តែឃាត់ខ្លួនដើម្បីធ្វើការអប់រំតែប៉ុណ្ណោះ មិនមានគោលការណ៍ចាប់ដាក់គុកនោះទេ ប៉ុន្តែដោយអ្នកលេងល្បែងនោះគាត់ភ័យពេក រត់រហូតគាំងបេះដូងដួលស្លាប់។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព