បណ្តាញសង្គម

ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ និង​ស្ដ្រី​ខ្មែរ​ម្នាក់ ករណី​ឆបោក​លុយ​តាម​ហ្វេ​ស​ប៊ុ​ក

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យជនជាតិនីហ្សេរីយ៉ា២នាក់ និងស្ដ្រីខ្មែរម្នាក់ ពាក់ព័ន្ធករណីឆបោកលុយតាមហ្វេសប៊ុក កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ក្រោយពីជនរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។

ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ ធន សារ៉េម ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។ ទី២-ឈ្មោះ MAKCAVA FEMI WISDOM ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា។ និងទី៣-ឈ្មោះ SPARK ONWA ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ។

ប្រតិបត្តិការបង្ក្រាបករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍នេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញបានចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី ។

បច្ចុប្បន្ន ក្រុមជនសង្ស័យ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូង នៃរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ។ ប្រធាននាយដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនឆបោក ។

បើមានករណីនេះកើតឡើងសូមមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាបន្ទាន់ ៕

ដកស្រង់ពី៖កោះសន្តិភាព