បណ្តាញសង្គម

ចៅអធិការ​វត្ត​​និមន្ត​ឆ្លងផ្លូវ​​បំរុង​​​ហៅ​ឡាន​ជិះ ស្រាប់តែ​ជួបគ្រោះអកុសល​

ខេត្តសៀមរាប ៖ បើតាមការអះអាងពីលោកវរសេនីយ៍ឯក ជី បេងជន អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានប្រាប់នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះថា នៅស្រុកក្រឡាញ់មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយព្រះចៅអធិការវត្តលម្ពិនីល្បើកចន្លោង និមន្តឆ្លងថ្នល់ ដើម្បីកាក់រថយន្តជិះនិមន្តត្រឡប់មកខេត្តសៀមរាបវិញ ត្រូវរថយន្តបុក បណ្តាលឱ្យសុគតភ្លាមៗនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៣៦៣-៣៦៤ ស្ថិតនៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។

ដោយឡែកអ្នកបើកបរ និងរថយន្តត្រូវបានកម្លាំងជំនាញចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ រួចនាំយកមកធ្វើការសួរនាំ ព្រមទាំងវត្ថុតាងរក្សាទុកនៅអធិការស្រុក ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។លោកអធិការស្រុកក្រឡាញ់បានបញ្ជាក់ថា អ្នកបើកបររថយន្តដែលកម្លាំងឃាត់ខ្លួនបាននោះមាន ឈ្មោៈ សំ ធី ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាអ្នកបើកបររថយន្តមួយគ្រឿងម៉ាក Revo ពណ៌ស ពាក់ផ្លាក់លេខ បាត់ដំបង ២C-០០១៧ ។

ចំណែកព្រះចៅអធិការវត្តដែលសុគតព្រះនាម គៀង សាងសុធា ព្រះជន្ម៦៨ព្រះវស្សា គង់នៅវត្តលម្ពិនីល្បើកចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។លោកអធិការស្រុកក្រឡាញ់បានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងខាងលើបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុបានបុកព្រះសង្ឃ មួយអង្គកំពុងនិមន្តឆ្លងថ្នល់ពីទិសជើងទៅត្បូងបម្រុងកាក់រថយន្ត ដើម្បីជិះនិមន្តត្រឡប់ទៅខេត្តសៀមរាបវិញ បណ្តាលឱ្យព្រះអង្គរងរបួសធ្ងន់ ក្រោយមកក៏បានសុគតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ។ក្រោយពេលកើតហេតុ អ្នកបើកបររថន្តត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។

ចំណែករថយន្តត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីចាត់ការតាមនីតិវិធី ។ ដោយឡែកសពព្រះចៅអធិការវត្តខាងលើត្រូវត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព