បណ្តាញសង្គម

បង្ក្រាប​ល្បែងស៊ីសង​ដក​ហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី និង​ម៉ូតូ​១​គ្រឿង​អ្នកលេង​រត់​អស់

រាជធានីភ្នំពេញ ៖ ទីតាំងបើកល្បែងស៊ីសងហ្គេមចាញ់ត្រីមួយកន្លែង ក្រោយស្ថានីយទូរទស្សន៍ស៊ីធីអិន ត្រូវបានកម្លាំងសណ្តាប់ធ្នាប់ខណ្ឌឫស្សីកែវ ចុះបង្ក្រាបដោយដកហូតបានទូហ្គេមបាញ់ត្រី១គ្រឿង និងម៉ូតូធូដេ មួយគ្រឿង ហើយអ្នកញៀនល្បែងបាននាំគ្នារត់គេចខ្លួនអស់។

ការបង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១០ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចមាត់ទន្លេក្នុងភូមិស្ពាន់ខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។តាមកម្លាំងសណ្តាប់ធ្នាប់ បានឲ្យដឹងថា ដោយមានការណែនាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ កម្លាំងសណ្តាប់ តែងតែធ្វើការស្រាវជ្រាវរកទីតាំងលួចលាក់លេងល្បែងស៊ីសងនៅក្នុងមូលដាន ហើយឈានទៅរកឃើញទីតាំងហ្គេមបាញ់ត្រីចុះបង្ក្រាបតែម្តង។

តាមព័ត៌មានឲ្យដឹងថានៅពេលចុះបង្ក្រាបគេឃើញ ក្រុមអ្នកញៀនល្បែង និងអ្នកមើលការប្រមាណ៣ទៅ៤នាក់ កំពុងតែលេងយ៉ាងសប្បាយហើយក៏បាននាំគ្នារត់គេចខ្លួន អស់នៅពេលដែលសមត្ថកិច្ចចុះទៅដល់។ទូហ្គេមមួយគ្រឿង រួមទាំងម៉ូតូធូដេមួយគ្រឿង ត្រូវបានកម្លាំងបណ្តាប់ធ្នាប់ដកហូតបញ្ជូនទៅកាន់សាលាខណ្ឌឫស្សីកែវ។

ទោះបីមានការបង្ក្រាបជាបន្តបន្ទាប់យ៉ាងណា គេនៅតែឃើញហ្គេមបាញ់ត្រីមួយចំនួនកំពុងតែដំណើរការដោយរលូន ដូចជានៅចំណុចតាមផ្លូវលេខ២៧៣ ខាងកើតស្ថានីយបូមទឹក និងតាមផ្លូវរថភ្លើងកែងផ្លូវ លេខ២៧៣ជាដើមសង្ស័យមានខ្នង និងត្រូវរ៉ូវគ្នា៕

ដកស្រង់ពី៖កោះសន្តិភាព