បណ្តាញសង្គម

ក្រុម​ជនសង្ស័យ​​ធ្វើ​សកម្ម​ភាព​​សម្រេច​​នៅ​តាកែវ​អស់លក្ខណ៍​នៅ​តា​ខ្មៅ

ខេត្តកណ្តាល ៖ ជនសង្ស័យ៥នាក់ បានធ្វើសកម្មភាពដោយយកដែកទីបវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចនៅចំណុចដើមទ្រាំង ផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្តតាកែវ កាលពីវេលាម៉ោងប្រមាណ៣និង៥០នាទីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ តែត្រូវកងកម្លាំងនគរបាលក្រុងតាខ្មៅល្បាតប្រទះឃើញ ក៏ចាប់ខ្លួនមកវិញបាន៤នាក់ និងរត់គេចខ្លួនរួចម្នាក់ ។

សមត្ថកិច្ចអះអាងថា ជនរងគ្រោះមានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណទេ ។ ចំណែកជនសង្ស័យទាំង៥នាក់ មាន ៖ ១-ឈ្មោះ ជា សិលា អាយុ២១ឆ្នាំ ទីលំនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ, ២-ឈ្មោះ ជា ផានិត អាយុ១៦ឆ្នាំ ទីលំនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ, ៣-ឈ្មោះ ពេជ្រ វីរៈ អាយុ១៥ឆ្នាំ ទីលំនៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ, ៤-ឈ្មោះ សុផល វឌ្ឍនា អាយុ១៥ឆ្នាំ ទីលំនៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ និង៥-ឈ្មោះ កក្កដា អាយុ១៧ឆ្នាំ កំពុងរត់គេចខ្លួន ។

ក្រុមជនសង្ស័យបានប្រើដំបងដែកទីបវាយប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ គ្មានផ្លាកលេខ។ នៅពេលចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានដកហូតម៉ូតូ២គ្រឿងជារបស់ក្រុមជននេះផងដែរ ។មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា នៅថ្ងែទី៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីយប់ ខណៈកងកម្លាំងនគរបាលក្រុងចេញល្បាតដល់មុខសាលាបឋមសិក្សាព្រែកសំរោង ស្រាប់តែឃើញមានមនុស្ស៥នាក់និងម៉ូតូ២គ្រឿងកំពុងនៅជុំគ្នា ប៉ុន្តែនៅពេលឃើញសមត្ថ កិច្ចស្រាប់តែពួកគេជិះម៉ូតូគេចខ្លួន ។ ពេលនោះកងកម្លាំងក៏ដេញតាម និងឃាត់ខ្លួនបានជន សង្ស័យ៤នាក់និងម៉ូតូ២គ្រឿង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ពួកខ្លួនទើបតែវាយប្លន់បានម៉ូតូមួយគ្រឿងនៅចំណុចដើមទ្រាំង ផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្តតាកែវ ហើយមករកម៉ូយទិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

ដោយឡែក ជនសង្ស័យឈ្មោះ ជា សិលា បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាព៣លើករួចមកហើយ ដែលលើកទី១និងលើកទី២- នៅស្រុកស្អាង ខេត្តកណ្តាល យកបានម៉ូតូម៉ាក Nex ចំនួន២គ្រឿង ។

លើកទី៣-នៅចំណុចដើមទ្រាំង ទឹកដីខេត្តតាកែវ ជាមួយឈ្មោះ ណាក់ បានម៉ូតូម៉ាក Nex មួយគ្រឿង ។ ចំណែកលើកនេះខ្លួនមិនបានចូលរួមធ្វើសកម្មភាពទេ តែជួយរកម៉ូយទិញម៉ូតូដែលបក្ខពួកខ្លួនវាយប្លន់បាន ។ក្រោយពីសាកសួររួច ជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព