បណ្តាញសង្គម

បង្ក្រាប​២​កន្លែង រយៈពេល​២​ថ្ងៃ សិប្បកម្ម​ផលិត​បារី និង​នំ​បុ័ង​ប្រេ​ន ដកហូត​វត្ថុ​តាង​ជិត​៥០​តោន

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបសិប្បកម្មផលិតបារី និងសិប្បកម្មផលិតនំបុ័ងប្រេនចំនួន០២កន្លែងផ្សេងគ្នា របស់ជនជាតិចិន សង្ស័យធ្វើអាជីវកម្មផលិតផលិតផលក្លែងក្លាយខុសច្បាប់ ក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយដកហូតវត្ថតាងសរុបជិត៥០តោន ។

ប្រតិបត្តិការបង្ក្រាបបានធ្វើឡើងរយៈពេលពីរថ្ងៃជាប់គ្នា គឺកាលពីថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២០ ក្រោមការសម្របសម្រួលនីតិវីធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

សមត្ថកិច្ចចុះបង្ក្រាបទីតាំងខាងលើបានឲ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា កម្លាំងចម្រុះបានចុះទៅឆែកឆេរត្រួតពិនិត្យជាក់ស្តែងសិប្បកម្មផលិត និងចែកចាយបារីមួយកន្លែងសង្ស័យផលិតបារីក្លែងក្លាយខុសច្បាប់ នៅចំណុចផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានតំណាងម្ចាស់ឈ្មោះ Huang Wenyan ភេទប្រុស អាយុ៤២ឆ្នាំ ដោយបានធ្វើការត្រួតពិនិត្យរកឃើញវត្ថុតាងផលិតផលសម្រាប់ផលិតបារីចំនួន១១ប្រភេទ សរុបចំនួន១០៤៨កេស មានទម្ងន់ប្រហែល២៥តោន ។

ហើយរកឃើញវត្ថុតាងឧករណ៍សម្រាប់ផលតបារីរួមមាន ៖ ម៉ាស៊ីនបោះពុម្ពពណ៌លើកញ្ចប់បារី ចំនួន០២គ្រឿង, ម៉ាស៊ីនកាត់ក្រដាសរ៉ុកន្ទុយស្នោចំនួន០២គ្រឿង, ម្សៅទឹកថ្នាំពណ៌សចំនួន២៥កេស, ម្សៅទឹកថ្នាំពណ៌ចម្រុះចំនួន៨០បាវ, ម៉ាស៊ីនកូរទឹកថ្នាំ០១គ្រឿង, ម៉ាស៊ីនពន្លាកន្ទុយបារី១៣គ្រឿង និងទឹកថ្នាំសម្រាប់បោះពុម្ពកញ្ចប់បារី១៤៤ធុង ។

ដោយឡែកកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះក៏បានចុះទៅឆែកឆេរត្រួតពិនិត្យសិប្បកម្មផលិតនំបុ័ង០១កន្លែង នៅចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលមានម្ចាស់ឈ្មោះ CHEN GANG ភេទប្រុស អាយុ៣២ឆ្នាំ ។ សមត្ថកិច្ចចម្រុះពិនិត្យជាក់ស្តែងរកឃើញ វត្ថុតាងឧបករណ៍សម្ភារៈនិងវត្ថុធាតុដើមបម្រើឲ្យការផលិតនំបុ័ងសរុបចំនួន១៦ប្រភេទស្មើនឹងទម្ងន់ជាង ២២តោន ។

ក្រោយពីត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញរួចរាល់ឃើញថា សិប្បកម្មផលិតនំបុ័ងប្រេនខាងលើធ្វើអាជីវកម្មមិនត្រឹមត្រូវតាមច្បាប់ គឺគ្មានស្លាកយីហោ, គ្មានប្រកាសបង្កើតរោងសិប្បម្ម,ផលិតផលមិនទាន់យកទៅចុះបញ្ជីវិញ្ញាបនបត្រវិភាគគុណភាពហួសសុពលភាព, នៅលើសំបកវេចខ្ចប់ក្លែងអាសយដ្ឋាន, គ្មានវិញ្ញាបនបត្រចុះបញ្ជីម៉ាកផលិតផល, គ្មានវិញ្ញាបនបត្រដំណើរការសិប្បកម្ម ។

ការបង្ក្រាបសិប្បកម្មផលិតបារី និងផលិតនំបុ័ងប្រេនទាំង០២ខាងលើ ក្រោយពីសមត្ថកិច្ចចម្រុះពិនិត្យរួចហើយ អនុវត្តតាមបញ្ជារបស់លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានឃាត់ទុកវត្ថុតាងទាំងអស់ ជាបណ្តោះអាសន្ន ដើម្បីអនុវត្តតាមវិធានការច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព