បណ្តាញសង្គម

ទៅ​បង់សំណាញ់​លើ​ស្ពាន​ស្រាប់តែ​លោត​​តាម​សំណាញ់ បាត់​ជិត​៧​ម៉ោង​ទើប​រក​ឃើញ

ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បានផឹកស្រាស្រវឹង រួចហក់ទៅបង់សំណាញ់ញឹកពីលើស្ពានមុខ ដែលទឹកកំពុងតែហូរខ្លាំង បណ្តាលលង់បាត់អស់៨ម៉ោង ទើបរកឃើញ ប៉ុន្តែបុរសរូបនេះបានបាត់បង់ជីវិតទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៦ព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចស្ពានទី១ ចម្ងាយជាងកន្លះគីឡូម៉ែត្រខាងកើត ភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក។

លោកវរសេនីយ៍ឯក ជា ឈ្លូញ អធិការនគរស្រុកស្វាយចេក បានប្រាប់ថា ជនរងគ្រោះដែលលង់ទឹកខាងលើមានឈ្មោះ ប៉ាល់ អួម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក។

លោកបានបញ្ជាក់ថា មុនកើតហេតុ នៅពេលដែលជនរងគ្រោះលង់ទឹកនោះ គឺជនរងគ្រោះបានទៅបង់សំណាញ់ជាមួយអ្នកភូមិប្រមាណជា៥ទៅ៦នាក់ដែលបង់សំណាញ់នៅចំណុចស្ពានទី១នោះ។ ចំណែកជនរងគ្រោះវិញ បានស្រវឹងស្រាជោកជាំ រួចក៏បានឈរពីលើមុខស្ពាន ហើយក៏បង់សំណាញ់ញឹកតែម្តង ។

ប្រភពដដែលបន្តថា ក្រោយពីបង់សំណាញ់ញឹករួចហើយ ជនរងគ្រោះក៏ហក់តាមសំណាញ់នោះ ចំពេលដែលទឹកកំពុងតែហូរខ្លាំងផង បណ្តាលឱ្យលិចបាត់តែម្តង ចំណែកអ្នកដែលទៅបង់សំណាញ់ជាមួយគ្នាបានឃើញដែរ តែមិនហ៊ានចុះទៅជួយឡើយ ព្រោះមុខស្ពាននោះ មានទឹកហូរខ្លាំង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៧ ខែតុលា នៅចំណុចស្ពានទី១ ស្ថិតក្នុងភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក។

លោកវរសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា ក្រោយពេលជនរងគ្រោះលង់ទឹកបាត់ ហើយទទួលព័ត៌មានភ្លាម កម្លាំងនគរបាលស្រុកស្វាយចេកក៏បានជួយរកដែរ តែរកមិនឃើញឡើយ លុះរហូតដល់ម៉ោង៦ព្រឹក ថ្ងៃទី០៨ ខែតុលា នេះ ទើបរកឃើញ ដោយជនរងគ្រោះបានអណ្តែតទឹកនៅចម្ងាយពីកន្លែងដែលលង់ប្រមាណជិត១០ម៉ែត្រ។

ក្រោយពេលដែលមន្ត្រីនគរបាលជំនាញពិនិត្យ ហើយឃើញថា ជនរងគ្រោះពិតជាបានលង់ទឹករហូតបាត់បង់ជីវិតពិតប្រាកដមែន ក្រោយពីពិនិត្យរួចក៏ប្រគល់សាកសពជនរងគ្រោះជូនសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព