បណ្តាញសង្គម

ឃាត់ខ្លួន​ចោរឆក់​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងសាឡាង បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីនារីម្នាក់ដែលកំពុងតែជិះម៉ូតូធ្វើដំណើរតាមផ្លូវបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ហៃ វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាអ្នកបើកម៉ូតូ ចំណែកឯបក្ខពួកដែលជាអ្នកធ្វើសកម្មភាព មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ស្រមោល។

បើតាមសម្ដីជនរងគ្រោះមានឈ្មោះ សុខ ហៃ ភេទស្រី អាយុ២៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន បានរៀបរាប់ប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះទើបបតែចេញពីធ្វើការនៅម្តុំផ្សារស៊ីធីម៉លបំណងត្រឡប់ទៅផ្ទះនៅសែនសុខ។

ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យ និងបក្ខពួកបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FV-2019។

ដោយជិះតាមពីក្រោយជនរងគ្រោះ រួចក៏បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយដែលជនរងគ្រោះស្ពាយដាក់ខាងមុខបណ្តាលឲ្យដាច់ខ្សែកាបូបយកទៅសម្រេច ហើយក៏បានបន្ថែមល្បឿនម៉ូតូជិះរត់គេច។ ពេលនោះដែរជនរងគ្រោះក៏បានស្រែកចោរៗ និងជិះដេញតាមពីពីក្រោយធ្វើឲ្យជនសង្ស័យ ភ័យស្លន់ស្លោបានជិះម៉ូតូបត់បញ្ច្រាសទិសដៅចរាចរណ៍ ចូលទៅផ្លូវក្រោមដី សា្ពនអាកាសស្ទឹងមានជ័យ ដែលជាផ្លូវកំពុងតែទឹកលិច។

ខណៈដែលជនសង្ស័យឃើញទឹកលិចមិនអាចជិះម៉ូតូទៅរួចក៏បានផ្តួលម៉ូតូ ហើយនាំគ្នារត់គេចខ្លួនត្រូវប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឃើញក៏នាំគ្នាជួយរត់ដេញតាម ស្ទាក់ចាប់បានជនសង្ស័យខាងលើម្នាក់ ដែលជាអ្នកបើកម៉ូតូ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ជនសង្ស័យដែលចាប់ខ្លួនបានក៏ត្រូវបានប្រជាពលរដ្ឋ នាំគ្នាធ្វើស្វាគមន៍ម្នាក់មួយដៃមួយជើង រហូតទ្រោមខ្លួនទើបប្រគល់ឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងសាឡាង យកធ្វើការសាកសួរ។សម្ភារនៅក្នុងកាបូបស្ពាយរបស់ជនរងគ្រោះមាន ឡេបថបមួយគ្រឿង ទូរស័ព្ទដៃមួយគ្រឿង កូនកាបូបដៃដែលមានលុយនៅក្នុងនោះមួយចំនួន និងសម្ភារមួយចំនួនទៀត។

បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការប្រគល់កាបូបទៅឲ្យជនរងគ្រោះវិញភ្លាមៗផងដែរ។ ក្រោយពេលកើតហេតុ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង រង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីជាបន្ត ទៀត៕

ដកស្រង់ពី៖កោះសន្តិភាព