បណ្តាញសង្គម

ជម្លោះ​ដណ្តើម​ម៉ូយ​រវាង​អ្នក​រត់​កង់​បី​ខ្មែរ និង​កង់​បី​ឥណ្ឌា​ម្នាក់​ទាញ​កាំបិត​ផ្គាក់​ម្នាក់​ទាញ​ដំបង

រាជធានីភ្នំពេញ ៖ បុរសពីរនាក់អ្នករត់កង់បីឥណ្ឌាម្នាក់ និងជាអ្នករត់ម៉ូតូឌុបម្នាក់(ជាបងប្អូនបង្កើតនឹងគ្នា ២នាក់) សរុបគ្នា៣នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួន ខណៈដែលពួកគាត់មានជម្លោះរឿងដណ្តើមម៉ូយគ្នា រវាងបុរសជាអ្នករត់ម៉ូតូកង់បីខ្មែរបានរត់ទៅទាញកាំបិតផ្គាក់ដេញកាប់ទៅលើបុរសជាអ្នករត់កង់បីឥណ្ឌាបានទាញដំបងដេញកាប់គ្នាហើយបុរសជាបងរត់ម៉ូតូឌុបក្បែរនោះស្ទុះទៅជួយប្អូន។

ដោយបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងទៅដល់កម្លាំងនគរបាលចរាចរណ៍នៅចំណុចភ្លើងស្តុបច្រមុះជ្រូកក្បាលថ្នល់ទៅជួយធ្វើអន្តរាគមន៍ និងឃាត់ខ្លួនបានទាំង៣នាក់ភ្លាមៗតែម្តង ដោយដកហូតបានកាំបិតផ្គាក់ចំនួន ១ និងដំបង១ផងដែរ និងមិនបានបង្កឲ្យមានភាគីខាងណាម្នាក់ រងរបួសធ្ងន់ធ្ងរឡើយ។

ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅចំណុចភ្លើងស្តុបក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ បុរសទាំង៣នាក់ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួនមានទី១-ឈ្មោះ ហុក វី អាយុ៣៨ឆ្នាំ មុខរបររត់កង់បីខ្មែរ (ជាម្ចាស់កាំបិតផ្គាក់) មានទីលំនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ទី២-ឈ្មោះ ធន់ ទុយ អាយុ៣៨ឆ្នាំ មុខរបរត់កង់បីឥណ្ឌា មុខរបររត់កង់បីឥណ្ដា(ម្ចាស់ដំបង) ស្នាក់នៅភូមិឫស្សី ក្នុងសង្កាត់ស្ទឹងមាន(ជាប្អូន) និង ទី៣-ឈ្មោះ ធន់ ចំរើន អាយុ ៤០ឆ្នាំ មុខរបរត់ម៉ូតូឌុប មានទីលំនៅម្តុំបឹងត្របែក ខណ្ឌចំការមនជ័យ(ជាបង)។

មុនពេលកើតហេតុ បុរសជាអ្នករត់កង់បី ខ្មែរបាននិយាយទៅកាន់បុរសជាអ្នករត់កង់បីឥណ្ឌាថា «បើម៉ូយខ្ញុំកុំមកសួរ ហើយបើម៉ូយរបស់អ្នកឯងក៏ខ្ញុំមិនទៅសួរដែរ» ក៏កើតការជជែកតឹងសរសៃកដាក់គ្នាបង្កជាម្លោះគ្នាតែម្តង។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលបុរសជាអ្នរត់កង់បីខ្មែរ និងឈ្លោះគ្នាជាមួយ និងបុរសជាអ្នករត់កង់បីឥណ្ឌា ក៏ឈានទៅដល់ការឈ្លោះប្រតាយប្រតប់គ្នាកើតឡើង ហើយបុរសជាអ្នករត់កង់បីខ្មែរក៏បានរត់ទៅទាញកាំបិតផ្គាក់ពីក្នុងរ៉ឺម៉ករបស់ខ្លួន ចំណែកឯបុរសជាអ្នករត់កង់បីក៏បានរត់ទៅទាញដំបងរបស់ខ្លួនចេញពីរ៉ឺម៉ក កាប់ និងវាយគ្នា ដោយបានឃើញបែបនោះបុរសជាអ្នករត់ម៉ូតូឌុបមកជួយចាប់ឃាត់អ្នកទាំងពីរកុំឲ្យឈ្លោះគ្នាផងដែរ។

តែបុរសទាំង២មិនស្តាប់ទេ ក៏នៅតែបន្តដេញកាប់ និងវាយគ្នា ហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងទៅដល់កម្លាំងនគរបាលចរាចរណ៍ដែលនៅគោលដៅច្រមុះជ្រូកក្បាលថ្នល់ចេញធ្វើអន្តរាគមន៍ចាប់ឃាត់គូជម្លោះទាំង៣នាក់ និងដកហូតកាំបិតផ្គាក់១ និងដំបងឈើប្រវែង កន្លះម៉ែត្រ១ ប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់តែម្តង។

ពាក់ព័ន្ធទៅនឹងករណីជម្លោះគ្នារវាងអ្នករត់ម៉ូតូកង់បីខ្មែរ និងបុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌា នេះដែរគឺកើតឡើងដោយសារតែដណ្តើមម៉ូយគ្នា និងមានអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរទេគ្រាន់តែរលាត់ដៃជើងតិចតួចទាំងសងខាង សំណាងល្អមានកកម្លាំងមានសមត្ថកិច្ចនៅក្បែរនោះជួយធ្វើអន្តរាគមន៍ចាប់ និងឃាត់ទាន់ពេលវេលា ម្លេះសមឈានទៅដល់ស្លាប់រស់មិនខាន។

ក្រោយពេលកើតហេតុ កម្លាំងមាសមត្ថកិច្ចក៏បានបញ្ជូនបុរសជាអ្នករត់កង់បីខ្មែរ និងបុរសជាអ្នករត់កង់បីឥណ្ឌា រួមទាំងបុរសអ្នករត់ម៉ូតូឌុបជាបង សរុបចំនួន៣នាក់ និងកាំបិតផ្គាក់ ព្រមទាំងដំបងជាវត្ថុតាងយកទៅកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការទៅតាមនីតិវិធីជាបន្តទៅទៀត៕

ដកស្រង់ពី៖កោះសន្តិភាព