បណ្តាញសង្គម

មុខសញ្ញា​លួច​រថយន្ត​៥​លើក​នៅ​ភ្នំពេញ សមត្ថកិច្ច​តាម​ចាប់ខ្លួន​ដល់​ស្រុក​ស៊ី​ធរ​កណ្តាល

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសហការជាមួយស្នងការដ្ឋាននគបាលខេត្តព្រៃវែង និងស្រុកស៊ីធរកណ្តាល ចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោរលួចរថយន្ត នៅចំណុចផ្ទះជនសង្ស័យ ភូមិយស់ ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ពេជ្រ ធា ហៅ ជា ធា ហៅ ពែ ភេទប្រុស អាយុ៤០ឆ្នាំ មានទីកំណើត និងទីលំនៅភូមិយស់ ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល។ សេចក្តីរាយការណ៍បន្តថា ពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចក្នុងកិច្ចបានធ្វើការដកហូតរថយន្ត ១គ្រឿងម៉ាក ឡិចស៊ីស RX-៣៣០ ពណ៌ស ស្លាកលេខ ភ្នំពេញ ២AC-៧៧១៥។

នៅចំពោះមុខសមត្ថកិច្ចជន សង្ស័យបានសារភាពថា គេជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពលួចរថយន្តចំនួន៥លើកមកហើយ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ ជនសង្ស័យ និងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រៃវែង ប្រគល់ឲ្យនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព