បណ្តាញសង្គម

ឆបោក​យក​បន្តោង​រូប​សិង្ហ​ស្រោប​ស្ពាន់​ដាំ​ពេជ្រ​កាឡៃ ទៅ​ដាក់បញ្ចាំ​៥២​ម៉ឺន​រៀល​ថា​ប្អូន​ឈឺ

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្សារព្រះប្រសប់ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បន្ទាប់ពីស្ត្រីរូបនោះបានប្រើល្បិចឆបោក យកបន្តោងខ្សែករូបសិង្ហក្រឡៃទៅលក់យកប្រាក់៥២ម៉ឺនរៀល។

ស្ត្រីជាជនសង្ស័យឈ្មោះ វ៉ិន សុគុណ អាយុ៤០ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ចំណែកជនរងគ្រោះឈ្មោះ លី សៀកឡុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់គ្រឿងអលង្ការ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់ កណ្តាលខេត្តកណ្ដាល។

បើតាមការរៀបរាប់ពីសំណាក់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១ និង៥៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យបានយកបន្តោងខ្សែករូបសិង្ហ១ ធ្វើអំពីស្ពាន់ស្រោបប្លាទីន មានដាំត្បូងពណ៌សទៅដាក់បញ្ចាំឲ្យគាត់ យកប្រាក់ចំនួន ៥២ម៉ឺនរៀល។

ពេលនោះគាត់ជនរងគ្រោះបានសួរទៅជនសង្ស័យថា ដាក់បញ្ចាំគ្រឿងអលង្ការយកប្រាក់ធ្វើអី? ជនសង្ស័យឆ្លើយភ្លាមថា យកប្រាក់ទៅព្យាបាលជំងឺប្អូននៅមន្ទីរពេទ្យព្រែកតាមាក់។ជនរងគ្រោះបានសួរទៀតថា មន្ទីរពេទ្យមួយណា? ជនសង្ស័យឆ្លើយថាមិនស្គាល់ទេ រួចគេក៏ដើរចេញទៅបាត់ ពេលនោះជនរងគ្រោះមានការសង្ស័យបានយកបន្តោងខ្សែក មកដុះមើលស្រាប់តែចេញសាច់ស្ពាន់សស្គុះសុទ្ធតែជារបស់កាឡៃ ទើបដឹងថាចាញ់បោកស្ត្រីនោះ ហើយក៏បានប្រើប្អូនឈ្មោះ លី ផល្លា ឲ្យជិះម៉ូតូតាមរកជនសង្ស័យ បន្ទាប់មកប្អូន លី ផល្លា ជិះទៅរកឃើញជនសង្ស័យ នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងជិតគល់ស្ពានព្រែកតាមាក់ ក៏បានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រះប្រសប់ ហើយនគរបាលប៉ុស្តិ៍បានបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល។

ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការដកហូតវត្ថុតាងរួមមាន ៖ បន្តោងខ្សែករូបសិង្ហមានស្រោបលោហៈធាតុពណ៌ លឿង១ ដាំត្បូងពណ៌ស ជាច្រើនគ្រាប់មាន(បន្តោងស្ពាន់ស្រោបប្លាទីនជា របស់ជនសង្ស័យ) និងប្រាក់៥២រៀលជារបស់ជនរងគ្រោះ បានប្រគល់ឲ្យម្ចាស់វិញ និងលិខិតទទួលបញ្ចាំមួយច្បាប់។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព