បណ្តាញសង្គម

ចិត្តដាច់​អ្វី​ម៉្លេះ​! ទារិកា​ដ៏​កំសត់​ត្រូវ​រុំ រួច​យក​ទៅ​បោះចោល​នៅ​មាត់​លូ

ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សមត្ថកិច្ចនគរបាលមូលដ្ឋានឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិពោធិខ្វិត ដែលរាយការណ៍ថា មានជនមិនស្គាល់អត្តសញ្ញាណដាច់ចិត្តណាស់លោកព្រះ បានយកសាកសពទារិកាម្នាក់រុំ រួចយកទៅបោះចោលនៅចំណុចមាត់លូទឹក ស្ថិតនៅផ្លូវបំបែកក្នុងភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

សេចក្តីរាយការណ៍បានបន្តថា ភ្លាមៗនោះ សមត្ថកិច្ចក៏បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ឃើញថា ពិតជាមានសាកសពទារិកាពិតប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ ធ្វើការពិនិត្យលើសាកសពទារិកានោះឃើញថា ពិតជាបាត់បង់ជីវិតមែន ប៉ុន្តែពុំដឹងថា ទារិកាកំសត់រូបនេះបានបាត់បង់ជីវិតនៅពេលកើតចេញពីផ្ទៃមាតា ឬក៏គេយកមកបោះចោល ទើបបាត់បង់ជីវិតនោះទេ ។

ក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពទារិកាជូនក្រុមប្រឹក្សាឃុំព្រះបាទជាន់ជុំ ដើម្បីយកទៅបញ្ចុះឲ្យបានត្រឹមត្រូវតាមប្រពៃណី ។តែទោះជាយ៉ាងណាក្តី ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននិងកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីឲ្យដឹងថា តើនរណាចិត្តដាច់អ្វីម្ល៉េះ ដែលបានរុំសាកសពទារិកា រួចយកទៅចោលនៅមាត់លូគួឲ្យសង្វេគបែបនេះ ?

ដកស្រង់ពី៖កោះសន្តិភាព