បណ្តាញសង្គម

​បញ្ជូន​ចោរ​ឆ្លង​ប្រទេស​​​ទៅកាន់​តុលា​ការ

ខេត្តបាត់ដំបង៖ ក្រោយពីបញ្ចប់ការសាកសួរ មន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជូនជនសង្ស័យចំនួន០៣នាក់ ទៅកាន់តុលាការនៅព្រឹកថ្ងៃទី០៣ វិច្ឆិកា នេះ ដែលពាក់ព័ន្ធនឹងអំពើចោរកម្ម (កាច់សោរ.កលួចម៉ូតូ)។ នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់នោះ ១-ឈ្មោះ ខឿម រ៉ន អាយុ៣៨ឆ្នាំ នៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ២-ឈ្មោះ ធឿម ស្វិត អាយុ២២ឆ្នាំ នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង និង៣-ឈ្មោះ សែម ចាន់ធា ហៅ ស្កូវ អាយុ៣៤ឆ្នាំ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

ជនទាំង៣នាក់នេះ ត្រូវបានកម្លាំងអធិការស្រុកកំរៀង ធ្វើការស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី០២ វិច្ឆិកា ក្រោយពីមានសេចក្ដីរាយការណ៏ថា ជនទាំង០៣នាក់ បានលួចម៉ូតូម៉ាកឃ្លិកមួយគ្រឿងរបស់អាជីវករខ្មែរម្នាក់ ដែលលក់ដូរក្នុងផ្សារឡែម ក្នុងទឹកដីប្រទេសថៃ។ នៅក្នុងព្រឹត្តិហេតុ ក្រុមចោរទាំង០៣នាក់នេះ បានចូលទៅកាច់សោរ.កលួចយកម៉ូតូមួយគ្រឿងម៉ាកឃ្លិករបស់អាជីវករឈ្មោះ សេង កញ្ញា ភេទស្រីអាយុ៣៣ឆ្នាំ ដែលទុកក្បែរតូបលក់ដូររបស់គាត់នៅក្នុងផ្សារឡែម ស្ថិតក្នុងឃុំថេបនិមិ្មត ស្រុកប៉ូងណាមរ៉ន ខេត្តច័ន្ទបូរី ប្រទេសថៃ ជាប់ច្រកទ្វារអន្តរជាតិ«ដូង»ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីវេលាទៀបភ្លឺថ្ងៃទី០១ វិច្ឆិកា។

ក្រោយពីលួចបានជនទាំង០៣នាក់ បានជិះម៉ូតូនោះឆ្លងតាមច្រកទ្វារអន្តរាជាតិដូង ចូលមកទឹកដីខ្មែរវិញ តែក្រោយពីទទូលព័ត៌មាននេះ និង បណ្ដឹងជនរងគ្រោះ ទើបនៅព្រឹកថ្ងៃទី០២ វិច្ឆិកាកម្លាំងអធិការស្រុកកំរៀង ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនដៃដល់បាន០៣នាក់ជាបន្តបន្ទាប់ ថែមទាំងដកហូតបានម៉ូតូម៉ាកឃ្លិក១គ្រឿងដែលជារបស់ស្ត្រីរងគ្រោះ និង ដែករាងអក្សរតេ (T)ចំនួន០២ ដែលជនដៃដល់ប្រើសម្រាប់កាច់សោរ.កម៉ូតូ។

ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បាននិយាយថា ជនដៃដល់ទាំង០៣នាក់នេះ បានប្រព្រឹត្តបទល្មើស នៅក្នុងទឹកដីថៃ តែបានឆ្លងចូលមកដីខ្មែរវិញ ដោយបានលួចយកម៉ូតូម៉ាកឃ្លិកមួយគ្រឿងរបស់អាជីវករខ្មែរដែលលក់ដូរនៅផ្សារថៃ មកជាមួយផង។

ប៉ុន្តែក្រោយមួយថ្ងៃ នៃការប្រព្រឹត្តបទល្មើស ក៏ត្រូវកម្លាំងអធិការស្រុកកំរៀងស្រាវជ្រាវចាប់ខ្លួនបានទាំងជនដៃដល់ ទាំងម៉ូតូ។ លោក ឈឿង គឹមសុង បានស្រង់ចម្លើយសារភាពរបស់ក្រុមចោរលួចឆ្លងដែននេះថា មូលហេតុដែលពួកគេ (ចោរ) នាំគ្នាទៅលួចម៉ូតូនេះ ដោយសារពួកខ្លួនអត់លុយទិញថ្នាំញៀនជក់ និង អត់មានលុយសងបំណុលគេ។

ប៉ុន្តែលោកគឹមសុង បានប្រាប់ថា បើយោងលើវត្ថុតាងដែលដកហូតបាន (ដែកអក្សរតេ) យើងអាចសន្នដ្ឋានបានថា ក្រុមនេះមិនមែនគ្រាន់តែលួចម៉ូតូដើម្បីលក់យកលុយទិញគ្រឿងញៀនប៉ុណ្ណោះទេ។

ពោល ក្រុមនេះគឺជាចោរអាជីពតែម្ដង ព្រោះមានដែកអក្សរតេដាក់តាមខ្លួន ដើរធ្វើសកម្មភាពគ្រប់ទីកន្លែង។ ប៉ុន្តែយ៉ាងណា ពេលនេះកម្លាំងរបស់លោកបានបញ្ជួនជនទាំង០៣នាក់ទៅកាន់តុលាការហើយ៕

ដកស្រង់ពី៖កោះសន្តិភាព