បណ្តាញសង្គម

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ពេល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ZoomerX

ខេត្តស្វាយរៀង ៖ នាម៉ោង០៧ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុច ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្រោយពីប្រព្រឹត្តបទល្មើសលួចម៉ូតូ Zoomer X ។

ជនសង្ស័យមានឈ្មោះ សុខ ទី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ បើតាមប្រភពពីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង បានអោយដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូ ០១គ្រឿង ម៉ាក Zoomer X សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ-បៃតង ពាក់ផ្លាកលេខ ស្វាយរៀង 1F-1983 របស់ជនរងគ្រោះឈ្មោះ គង់ សុផុន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ មានទីលំនៅភូមិ-សង្កាត់កើតហេតុខាងលើ ។

បន្ទាប់ពីធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យ បានជិះម៉ូតូគេចខ្លួន ទៅទិសខាងកើត ហើយក៏ត្រូវម្ចាស់ផ្ទះស្រែក អោយប្រជាពលរដ្ឋនៅក្បែរនោះ ជួយជិះម៉ូតូដេញតាមពីក្រោយ និងបានរាយការណ៍មកនគរបាលជួយអន្តរាគមន៍ ។

ក្រោយពីទទួលបានព័ត៍មានភ្លាមៗនោះ នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ បានចេញដេញតាមជនសង្ស័យរហូតដល់ត្រង់ចំណុចខាងមុខអតីតបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិរោងបន្លែ ក្រុងស្វាយរៀង ជនសង្ស័យក៏ផ្តួលម៉ូតូចោល រួចរត់ចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ហើយក៏ត្រូវសមត្ថកិច្ចយើងឃាត់ខ្លួនបានតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព