បណ្តាញសង្គម

បង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់ ជាមួយថ្នាំ​ញៀន​ជាង​៦​គីឡូក្រាម

រាជធានីភ្នំពេញ ៖ នគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដោយរឹបអូស ជាង០៦គីឡូក្រាម នៅខណ្ឌមានជ័យ នៅរាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

សមត្ថកិច្ច បន្តថា នៅវេលាម៉ោង២១ និង៤០នាទីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញ (ក១១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង អាំ សុជាតិ និងលោកនាយករង យា ប៊ុនណារត្ន័ន៍ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានបើកស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុច បន្ទប់ផ្ទះជួលលេខ៦ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្រ៊ាន គឹមស្រួច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ និងចាប់យកវត្ថុតាង សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៦.២០២ក្រាម និងជញ្ជីងថ្លឹង១គ្រឿង ។ ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព